ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរថៃបិទមិនឲ្យរថយន្តដឹកទំនិញនិងកសិផលខ្មែររាប់សិបគ្រឿងចូលនៅច្រកទ្វារតំបន់អូរអន្លក់

ចែករំលែក៖

ខេត្តបាត់ដំបង៖ រថយន្តខ្មែរថៃរាប់សិបគ្រឿងដឹកទំនិញនិងកសិផលរបស់ខ្មែរត្រូវបានអាជ្ញាធរខាងភាគីថៃបិទផ្អាកមិនឲ្យនាំចូលនៅច្រកទ្វារតំបន់អូរអន្លក់ ស្ថិតក្នុងស្រុកកំរៀង នៃខេត្តបាត់ដំបង។

បើតាមការលើកឡើងពីតៃកុងរថយន្តដែលជាជនជាតិថៃម្នាក់បានប្រាប់អ្នកយកព័ត៌មានយើងឲ្យដឹងកាលពីរសៀលថ្ងៃទី១១ ខែកញ្ញាថា ការបិទមិនឲ្យរថយន្តដឹកទំនិញចូលទៅនេះមានរយះពេល០៥ថ្ងៃមកហើយ ដោយខាងអាជ្ញាធរថៃរង់ចាំពិនិត្យមើលសិន ខ្លាចយើងដឹកទំនិញខុសច្បាប់នាំចូលយកទៅ។

ដោយឡែកនគរបាលវរៈព្រំដែនម្នាក់ដែលឈរជើងប្រចាំការនៅមាត់ច្រកទ្វារតំបន់អូរអន្លក់ខាងលើនេះក៏បានលួចបង្ហើបប្រាប់ឲ្យដឹងដែរថា អាជ្ញាធរថៃបានបិទមិនឲ្យកសិផលខ្មែរយើងនាំចូលទៅរយះពេលជិត១០ថ្ងៃមកហើយ ដែលក្នុងនោះមាន ពោត ,ដំឡូងមី និងសណ្តែក ផងដែរ។

ពាក់ព័ន្ធទៅនឹងករណីខាងលើនេះដែរ លោក ចែត្រ សិថា ប្រធានច្រកតំបន់អូរអន្លក់ បានប្រាប់អ្នកយកព័ត៌មានឲ្យដឹងដែរថា ការបិទមិនឲ្យរថយន្តដឹកទំនិញចូលនេះកើតមានរយះពេល០៥ថ្ងៃមកហើយ ហើយក៏មិនមែនបិទមិនឲ្យនាំចូល ពោត ,ដំឡូងមី និងសណ្តែក ដូចជាការលើកឡើងរបស់មន្ត្រីនគរបាលខាងលើនោះដែរ ព្រោះកសិផលខ្មែរយើងដូចជា ពោត ដំឡូងមី និងសណ្តែក រហូតមកដល់ពេលនេះបាននាំចូលទៅផុតអស់ហើយ មិនមានអ្វីនៅសេសសល់ទៀតទេ។

ចំពោះរថយន្តដែលឃាត់ទុកទាំងអស់នេះ សុទ្ធតែជារថយន្តដឹកទំនិញមកពីរាជធានីភ្នំពេញ និងរថយន្តដឹកស្នូលពោតតែប៉ុណ្ណោះ ដើម្បីរងចាំឲ្យខាងក្រសួងពាណិជ្ជកម្មចុះមកត្រួតពិនិត្យជាមុនសិន ព្រោះថាពេលនេះទំនិញខ្លះខាងអាជ្ញាធរថៃមិនអនុញ្ញាតិឲ្យនាំចូលទៅក្នុងប្រទេសគេនោះទេ ៕ សំវិច្ឆិកា


ចែករំលែក៖