ខេត្តកំពង់ធំ៖ ក្រោយពីក្រុមសារព័ត៌មានជាច្រើនក្រុម បានចុះទៅដល់ទីតាំងដែលក្រុមឈ្មួញបានដាក់បទល្មើសនេសាទក្នុងរដូវបិទនេសាទសំរាប់ត្រីពងកូន ស្ថិតនៅក្នុងដែនគ្រប់គ្រងរបស់លោក គូ ប៊ុនទឹង នាយផ្នែករដ្នបាលជលផលគ្រប់គ្រង ៥ស្រុករួចមក! ឃើញថា ពិតជាមានបទល្មើសដាក់ទទឹងព្រែក បឹងបួរ ដើម្បីចាប់យកត្រីទាំងតូចទាំងធំ ដោយមិនគិតពីផលនៃការវិនាសហិនហោចនៃមច្ឆជាតិនោះទេ ។
បទល្មើសទាំងនោះ មានការប្រើឧបករណ៍ខុសច្បាប់ជាច្រើនប្រភេទ មាន របាំង លូ ស្បៃ មុង ស្ទាក់ចាប់ កូន ត្រីល្អិតៗកំពុងកើតឡើងយ៉ាងពេញបន្ទុក ហើយការបង្ក្រាបរបស់មន្ត្រីរដ្នបាលជលផលនិងសមត្ថកិច្ចមូលដ្ឋានគ្មានប្រសិទ្ធភាពឡើយធ្វើឲ្យមានមតិពីមហាជនជាច្រើនដាក់ការសង្ស័យថាករណីបទល្មើសខ្លះកើតឡើងដោយសារមានការឃុបឃិត បើកដៃពីសំណាក់មន្ត្រីរដ្ឋបាលជលផល និងសមត្ថកិច្ចពាក់ព័ន្ធទើបក្រុមជនល្មើសហ៊ានធ្វើអ្វីៗតាមអំពើចិត្ត ។
ពាក់ព័ន្ធនិងការដាក់បទល្មើសនេសាទខាងលើនេះ លោក ប៉ែន វណ្ណរិទ្ធ ប្រធានមន្ទីរកសិកម្មខេត្តកំពង់ធំបានឆ្លើយតបតាមប្រព័ន្ធតេលេក្រាមនៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៩ថា កម្លាំងមន្រី្ដជំនាញបានចុះទៅបង្ក្រាបហើយដោយមិនគិតពីថ្ងៃសៅរ៍ឬថ្ងៃអាទិត្យនោះទេ÷ក្នុងរបាយការណ៍បានសរសេរថា ផ្នែករដ្ឋបាលជលផលប្រាសាទសំបូរ, សង្កាត់រដ្ឋបាលជលផលបារាយណ៍ សន្ទុក សហការណ៍ជាមួយកំលាំងប៉ុស្តិ៍រដ្ឋបាលឃុំបារាយណ៌ , ប៉ុស្តិ៍រដ្ឋបាលឃុំស្រឡៅ និងដឹកនាំសហគមន៍នេសាទ ចុះបង្រ្កាបបទល្មើសជលផលនៅ ចំណុច: ក/គោកត្របែក ទួលតាមុំ ឃុំទ្រាល ស្រុកតាំងគោក ។ ខ/បឹងចានបាច និងទឹកពុល ឃុំព្នៅ ស្រុកសន្ទុក ជាលទ្ធផលសម្រេចបាន ដោយធ្វើការរុះរើបំផ្លាញចោលវត្ថុតាងរួមមាន៖ -របាំងសាច់អួន និងស្បៃមុងចំនួន៤៣របាំង ប្រវែង១៧២០ម៉ែត្រ -លូចំនួន២៣មាត់ , -បង្គោល៦៩៥ដើម , -ចាក់លែងត្រីចំនួន១១៥គក្រ។
ប្រជាពលរដ្នសារទរចំពោះចំណាត់ការរបស់មន្រ្ដីចម្រុះក្នុងការទប់ស្កាត់ការបទល្មើសនេសាទដើម្បីទុកឱកាសឲ្យត្រីពងកូន និងសំណូមពរឲ្យមន្រ្ដីពាក់ព័ន្ធ និងអំពើពុករលួយបញ្ឈប់ឲ្យអស់និងបញ្ឈប់ការផ្ដល់ប្រយោជន៍ឲ្យបុគ្គលបំផ្លាញមច្ឆជាតិតទៅទៀតដើម្បីស្ដារពូជត្រីឡើងវិញ ៕ប៊ុនរិទ្ធី