ព័ត៌មានទាន់ហេតុការណ៍៖

ទឹកស្ទឹងសែនខេត្តកំពង់ធំ បានហក់ឡើងលើសកម្រិតប្រកាសអាសន្ន អាជ្ញាធរខេត្តបានអំពាវនាវ ឲ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះគ្រោះទឹកជំនន់

ចែករំលែក៖

ខេត្តកំពង់ធំ៖ រដ្ឋបាលខេត្តកំពង់ធំ នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩ បានចេញសេចក្តីប្រកាស និងអំពាវឲ្យប្រជាពលរដ្ឋទាំងអស់ ពិសេស ពលរដ្ឋដែលរស់នៅប្របនឹងដងស្ទឹងសែន មានការប្រុងប្រយ័ត្នខ្ពស់ក្នុងការរស់នៅ ក្រែងមានការបាក់ស្រុតផ្ទះសំបែង ជាយថាហេតុ ដែលបានសាងសង់នៅគៀក នឹងតាមមាត់ស្ទឹងសែននោះ។ រីឯ អាជ្ញាធរ បានត្រៀមខ្លួន ដើម្បីជម្លៀសប្រជាពលរដ្ឋទៅកាន់ទីទួលមានសុវត្ថិភាព រួចជាស្រេចហើយដែរ។

យោងតាមការបង្ហាញរបស់ស្ថានីយ៍វាស់កម្ពស់ទឹកធំៗ ពីរកន្លែង នៅក្នុងខេត្តកំពង់ធំ គឺស្ថានីយ៍ស្រុកសណ្តាន់ និងស្ថានីយ៍កំពង់ធំ ថាធាទឹកមានការកើនឡើងលើសកម្ពស់ ដែលត្រូវប្រកាសឲ្យមានការប្រុងប្រយ័ត្ននោះហើយ។ ហើយទឹកស្ទឹងសែន នៅព្រឹកថ្ងៃនេះ បានហក់ឡើងដល់កម្ពស់១៣,៥១ម៉ែត្រ ខណៈស្ទឹងសែនខេត្តកំពង់ធំ ទឹកមានកម្ពស់១៣,៥០ម៉ែត្រ គឺជាកម្ពស់ដែលត្រូវប្រកាសដាក់ក្នុងភាពអាសន្ន។

ប្រធានមន្ទីរកសិកម្មរុក្ខា ប្រមាញ់ និងនេសាទខេត្តកំពង់ធំ លោក ប៉ែន វណ្ណារិទ្ធ បានបង្ហាញរបាយការណ៍ឲ្យដឹងថា គិតមកដល់ថ្ងៃទី១៧កញ្ញានេះ ទឹកជំនន់ស្ទឹងសែន បានហូរចូល ទៅកាន់ភូមិ និងតំបន់ដីកសិកម្មរបស់ប្រជាពលរដ្ឋ ចំនួនប្រាំស្រុក គឺស្រុកកំពង់ស្វាយ ចំនួន២ឃុំ គឺ «ឃុំព្រៃគុយ និងឃុំកំពង់ស្វាយ» ស្រុកសណ្តាន់ ចំនួន៤ឃុំ គឺ «ឃុំមានជ័យ ឃុំឈើទាល ឃុំងន និងឃុំក្លែង» ស្រុកប្រាសាទសំបូរ ចំនួន ៥ឃុំ គឺ «ឃុំឈូក ឃុំតាំងក្រសៅ ឃុំគោល ឃុំសំបូរ និងឃុំស្រើង» ស្រុកស្ទោង ចំនួន៣ឃុំ គឺ «ឃុំម្សារក្រង ឃុំសំព្រោច និងឃុំបន្ទាយស្ទោង» និងក្រុងស្ទឹងសែន ចំនួន ៤សង្កាត់ គឺ «សង្កាត់កំពង់ក្របៅ សង្កាត់ព្រៃតាហ៊ូ សង្កាត់ស្រយ៉ូវ និងសង្កាត់អូរគន្ធរ នៃខេត្តកំពង់ធំ។ លោកបញ្ជាក់ថា រហូតមកដល់ពេលនេះ មានប្រជាពលរដ្ឋ ៤០៦គ្រួសារហើយ ដែលត្រូវបានជម្លៀសទៅកាន់ទីទួលសុវត្ថិភាព ហើយប្រជាពលរដ្ឋផ្សេងទៀត ដែលមិនទាន់មានការជម្លៀស គឺកំពុងស្ថិតនៅក្នុងការតាមដានបន្ត ប្រសិនបើឃើញថា អាចមានគ្រោះថ្នាក់ នឹងធ្វើការជម្លៀសចេញភ្លាម ហើយក្នុងចំណោមពលរដ្ឋទាំង ៤០៦គ្រួសារ ដែលធ្វើការជំលៀសមកកាន់ទីទួលសុវត្ថិភាពនោះ ក្រុមការងាររបស់អាជ្ញាធរខេត្ត បានចុះចែកសម្ភារប្រើប្រាស់ និងសួរសុខទុក្ខដោយផ្ទាល់រួចហើយ និងក៏គ្រោងបន្តចុះសួរសុខទុក្ខពលរដ្ឋ ដែលរងផលប៉ះពាល់ពីរបបទឹកស្ទឹងសែន ជាបន្តបន្ទាប់ទៀតផងដែរ។

គួរបញ្ជាក់ថា នៅល្ងាចថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៩នេះ កំពស់ទឹកស្ទឹងសែន នៅស្ថានីយកំពង់ធំ មានកម្ពស់១៣.៥៥ម៉ែត្រ លើសកម្ពស់ប្រុងប្រយ័ត្ន ចំនួន០.០៥ម៉ែត្រ និងស្ថានីយ៍ស្រុកសណ្តាន់ មានកម្ពស់ទឹក១៩.២២ម៉ែត្រ លើសកម្ពស់ប្រុងប្រយ័ត្ន ០.៧២ម៉ែត្រ។ ជាមួយគ្នានេះ រដ្ឋបាលខេត្តកំពង់ធំ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវរកទីទួលសុវត្ថិភាព ក៏ដូចជាមានការប្រុងប្រយ័ត្ន ហើយរស់នៅដោយមានអនាម័យល្អ ៕ ប៊ុនរិទ្ធី


ចែករំលែក៖