គេរាយការណ៍ថា បទល្មើសនេសាទនៅតំបន់បឹងទន្លេសាប ក្នុងភូមិសាស្ត្រស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ កំពុងកើតមានជាចំហរនៅរដូវបិទនេសាទនេះ ។ ឈ្មួញម្នាក់ឈ្មោះ គន កំពុងដាក់បទល្មើសគ្រប់ប្រភេទនៅក្នុងភូមិសាស្ត្រស្រុកកំពង់ស្វាយដោយមានការឃុបឃិតត្រូវរ៉ូវជាមួយលោក សៅ វណ្ណសេរីវុធ នាយសង្កាត់រដ្ឋបាលជលផលកំពង់ស្វាយ ។ បទល្មើសនេសាទច្រើនប្រភេទដែលប្រព្រឹត្តដោយបុគ្គលមួយនេះ ធ្វើឲ្យប្រជាពលរដ្ឋនៅក្នុងតំបន់រិះគន់ថា ពួកគាត់គ្រាន់តែនេសាទដើម្បីចិញ្ចឹមឆ្នាំងត្រូវពួកជលផលចាប់ដាក់គុក ដាក់ច្រវាក់ ឥតមេត្តា ប៉ុន្តែសម្រាប់ឈ្មួញឈ្មោះ គន ប្រព្រឹត្តល្មើសជាចំហរ ក្រោមការបើកដៃពីលោក សៅ វណ្ណសេរីវុធ មិនដែលឃើញកូនចៅលោក ប៉ែន វណ្ណរិទ្ធ ប្រធានមន្ទីរកសិកម្មចុះមើលម្តងណាឡើយ ។
គេរាយការណ៍ថា បទល្មើសនេសាទច្រើនប្រភេទ ច្រើនទ្រង់ទ្រាយ នៅក្នុងរដូវបិទនេសាទនេះ បានកើតឡើងយ៉ាងសកម្មសម្រាប់តែបុគ្គលឈ្មោះ គន ប៉ុន្តែបើប្រជាពលរដ្ឋស្លូតត្រង់ គឺមិនអាចនេសាទដើម្បីចិញ្ចឹមក្រពះបាននោះឡើយ ។ គេរាយការណ៍ទៀតថា លោក គន អាចដាក់បទល្មើសគ្រប់ប្រភេទនៅរដូវបិទនេសាទ ។ រីឯលោកសៅ វណ្ណសេរីវុធ មិនដែលបញ្ចេញប្រតិកម្ម ឬចុះទៅបង្ក្រាបម្តងណាឡើយ ។ ភាពស្ងៀមស្ងាត់របស់លោក សៅ វណ្ណសេរីវុធ នាំឲ្យប្រជាពលរដ្ឋរិះគន់និងសង្ស័យថា មេជលផលប្រចាំស្រុកកំពង់ស្វាយរូបនេះ ទទួលបានលាភសក្ការជាផលប្រយោជន៍ណាមួយពីឈ្មួញឈ្មោះគន នោះហើយ ទើបបានជាមិនបង្ក្រាបបទល្មើស ។ ប្រជាពលរដ្ឋនិយាយថា ឈ្មួញម្នាក់នេះមានឥទ្ធិពលខ្លាំងណាស់ជាមួយពួកមន្ត្រីជលផលនៅខេត្តកំពង់ធំ ពោលគឺលោក គន ចង់ប្រព្រឹត្តល្មើសនេសាទបែបម៉េច ក៏គ្មានមន្ត្រីណាមួយ រាប់ទាំងប្រធានមន្ទីរកសិកម្ម ដែលទើបតែងតាំងថ្មីនោះផង លោក ប៉ែន វណ្ណរិទ្ធ មិនដែលចាត់វិធានការចំពោះឈ្មួញ គន នេះឡើយ ។
ប្រជាពលរដ្ឋនៅតំបន់បឹងទន្លេសាប ខេត្តកំពង់ធំនិយាយថា តាំងពីលោក ប៉ែន វណ្ណរិទ្ធ ឡើងធ្វើជាប្រធានមន្ទីរកសិកម្មមក មិនដែលឃើញចុះបង្ក្រាបបទល្មើសម្តងណាឡើយ ។ លោក ប៉ែន វណ្ណរិទ្ធ ស្គាល់ច្បាស់ចំពោះពួកឈ្មួញអ្នកប្រព្រឹត្តល្មើសនេសាទ ពីព្រោះលោក មិនឡើងតំណែង ក៏ជា នាយខណ្ឌរដ្ឋបាលជលផលកំពង់ធំនេះដែរ ។ ដូច្នេះ រឿងជលផល លោកប៉ែន វណ្ណរិទ្ធច្បាស់ណាស់ ។ យ៉ាងនេះហើយ ទើបប្រជាពលរដ្ឋនៅខេត្តកំពង់ធំអះអាងថា គ្មានការផ្លាស់ប្តូរជាដុំកំភួននោះទេចំពោះបញ្ហាបទល្មើសនេសាទនៅតំបន់បឹងទន្លេសាប ពោលគឺកាលពីលោក ប៉ែន វណ្ណរិទ្ធ នៅជានាយខណ្ឌយ៉ាងណា នៅពេលនេះក៏យ៉ាងនោះដែរ ។ ក្រុមមន្ត្រីនៃមន្ទីរកសិកម្មបង្ហើបថា លោក ប៉ែន វណ្ណរិទ្ធ ច្បាស់ណាស់រឿងបទល្មើសនេសាទហើយពួកឈ្មួញ ក៏ស្គាល់លោកច្បាស់ដែរ ទើបអាចប្រព្រឹត្តល្មើសបាន ។ រី
ឯលោក សៅ វណ្ណសេរីវុធត្រូវគេអះអាងថា ជាសេនាដ៏ជំនាញបំផុត លើវិស័យជលផលសម្រាប់លោកប្រធានមន្ទីរកសិកម្ម ៕