ព័ត៌មានទាន់ហេតុការណ៍៖

ប្រជាពលរដ្ឋសាទរលោក សុខ ពេញវុធ ក្រោយរៀបចំសណ្ដាប់ធ្នាបជុំវិញផ្សារកណ្ដាលមានសោភ័ណភាពល្អ

ចែករំលែក៖

ភ្នំពេញ៖ បច្ចុប្បន្ននេះគេសង្កេតឃើញថា ដោយមានការយកចិត្តទុកដាក់ពីសំណាក់លោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ តែងតែដឹកនាំកម្លាំងចុះរដ្ឋបាលជាប្រចាំថ្ងៃ នៅចំណុចផ្សារកណ្ដាលរហូតក្រុមអាជីវករទាំងអស់យល់ព្រមលក់ដូរមានរបៀបរាបរយ ដោយមិនរំលោភយកចិញ្ចើមផ្លូវទៀតឡើយ ព្រោះកន្លងមកជុំវិញទីរួមផ្សារកណ្ដាលនេះ ក្រុមអាជីវករមួយចំនួនតែងតែដាក់លក់លើចិញ្ចើមផ្លូវបង្កការកក់ស្ទះចរាចរណ៍ជាប្រចាំថ្ងៃផងដែរ ។

ជាក់ស្តែងនៅព្រឹកថ្ងៃព្រហស្បត្តិ៍ ៦រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ពុទ្ធស័ករាជ២៥៦៣ ត្រូវនឹងថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង៩ព្រឹក លោក សុខ ពេញវុធ អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ បានចុះពិនិត្យការស្ថាបនាឡើងវិញ នៅកំណាត់ផ្លូវលេខ១៤៨ មានបណ្ដោយ ១១៦ម៉ែត្រ ទទឹង ០៨ម៉ែត្រ កម្ពស់ ០.២០ម៉ែត្រ ចាប់ពីផ្លូវលេខ៥ ដល់ផ្លូវលេខ១៣ ដែលជាផ្លូវរណបផ្សារកណ្ដាល ដោយធ្វើការចាក់បេតុងឆ្អឹងដែក រួមទាំងការជួសជុលលូ និង អណ្ដូងលូ បានរួចរាល់ជាស្ថាពរហើយ នៅសល់តែការងារស្ដារលូប៉ុណ្ណោះ ប៉ុន្ដែមិនទាន់អនុញ្ញាតឲ្យធ្វើដំណើរនៅឡើយទេ គឺត្រូវទុកមួយរយៈពេលតាមបច្ចេកទេស ដើម្បីឲ្យបេតុងរឹងមាំជាប់ល្អ ។

តាមប្រភពពីប្រជាពលរដ្ឋ បាឲ្យដឹងថា កន្លងមកជាយូរឆ្នាំណាស់មកហើយ ដែលអាជិវករមួយចំនួននៅជុំវិញទីរួមផ្សារកណ្ដាល តែងតែយកទំនិញដូចជា បន្លែ សាច់ និងសម្ភារផ្សេងៗ ដាក់លក់លើចិញ្ចើមផ្លូវសាធារណៈ រហូតទល់តែមានការបិទផ្លូវស្ទើរទាំងស្រុង ធ្វើឲ្យពួកគាត់ពិបាកធ្វើដំណើរខ្លាំងណាស់ ព្រោះមានការកក់ស្ទះចរាចរណ៍ជាប្រចាំ ។ ប៉ុន្តែរហូតមកដល់ពេលនេះ ពួកគាត់មានការរីករាយសប្បាយចិត្តខ្លាំងណាស់ ចំពោះលោក សុខ ពេញវុធអភិបាលខណ្ឌដូនពេញ តែងតែបញ្ជាឲ្យកម្លាំងអាជ្ញាធរមូលដ្ឋាន ដឹកនាំគណៈបញ្ជាការឯកភាពបន្តចុះរៀបសណ្ដាប់ធ្នាប់បន្តិចម្តងៗ រហូតក្រុមអាជីវករយល់ព្រមបើកផ្លូវឲ្យប្រជាពលរដ្ឋធ្វើដំណើរស្រួលឡើងវិញ ៕ស តារា


ចែករំលែក៖