ភ្នំពេញ៖ បារីចិនម៉ាកChung Hwa សង្ស័យនាំចូលខុសច្បាប់ ត្រូវឈ្មួញជួលឲ្យប្រជាពលរដ្ឋហែកកញ្ចប់បារីចោល រួចយកតែដើមបារីដាក់ថង់ឲ្យឈ្មួញវិញ ដោយហែកក្នុងមួយប៊ិច៥ពាន់រៀល រួចយកកញ្ចប់ទៅបោះចោលរាយពេញផ្លូវសាធារណៈបង្កការភ្ញាក់ផ្អើលដល់កម្លាំងនគរបាលខណ្ឌសែនសុខ ចុះមកត្រួតពិនិត្យជាក់ស្ដែង ដែលសង្ស័យថាបារីនាំចូលមិនប្រក្រតី ឬគ្មានគុណភាព ។
ហេតុការណ៍ខាងលើនេះ បង្កការភ្ញាក់ផ្អើលឡើងកាលពីព្រឹក ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។
តាមប្រភពព័ត៍មានពីប្រជាពលរដ្ឋដែលជាអ្នកស៊ីឈ្នួលហែកកញ្ចប់បារីខាងលើនេះ បានឲ្យដឹងថា ក្នុងរយ:ពេល២ខែមកនេះ ដែលកញ្ចប់បារីរបស់ចិនម៉ាកChung Hwa ត្រូវបានគេយកទៅបោះចាក់ចោលរាយប៉ាយតាមផ្លូវ តាមការប៉ាន់ប្រមាណរាប់រយប៊ិចឯណ្ណោះ ទើបតែភ្ញាក់ផ្អើលនាព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩ ខណៈដែលអាជ្ញាធរសមត្ថកិច្ចងឿងឆ្ងល់ ក៏ចុះទៅពិនិត្យមើលតែម្តង ។
ប្រភពដដែលបន្តថា ពួកគាត់មិនដឹងថា បារីនោះនាំចូលមកស្របច្បាប់ ឬមិនស្របច្បាប់ ហើយក៏មិនដឹងថាមានគុណភាពយ៉ាងណានោះទេ គ្រាន់តែដឹងថា ជាបារីចិន ហើយគាត់គ្រាន់តែស៊ីឈ្នួល ហែក ដកហូតយកដើមបារីខាងក្នុងច្រកថង់ទុក រួចខាងឈ្មួញនិងមកយកទៅវិញ ក្នុងមួយប៊ិចថ្លៃហែក តម្លៃ៥ពាន់រៀល ។
យោងតាមប្រភពពីមន្រ្តីជំនាញខណ្ឌសែនសុខ បានឲ្យដឹងថា តាមរយៈការស៊ើបសួរ ស្រាវជ្រាវ ជុំវិញក្បែរកន្លែងកើតហេតុ ប្រជាពលរដ្ឋបានប្រាប់ថា តាំងពីដើមខែកញ្ញា ឆ្នាំ២០១៩មកម្លេះ គឺមានរថយន្តឃ្លប់ មួយគ្រឿង បានដឹកបារីចិនរាប់រយប៊ិច មកជួលប្រជាពលរដ្ឋឲ្យហែកយកតែដើមបារីក្នុងចេញ ច្រកថង់ទុកដោយឡែក ។ ចំណែកកញ្ចប់ គ្រាន់តែគេថាទុកដោយឡែកទៅ ដើម្បីគេនិងទិញជាអេតចាយវិញ ក៏ប៉ុន្តែក្នុងរយ:ពេល២ថ្ងៃនេះ គ្មានឃើញខាងណាមកទិញសំបកកញ្ចប់ ទើបពលរដ្ឋនាំគ្នាសម្រេចយកទៅចាក់ចោលបណ្ដាលឲ្យរាយពេញផ្លូវតែម្តង ។
បច្ចុប្បន្នពាក់ព័ន្ធករណីខាងលើនេះ សមត្ថកិច្ចសង្ស័យបារីចិននេះ មានភាពមិនប្រក្រី រួចនាំយកទៅរក្សាទុកបណ្ដោះអាសន្ន ដើម្បីបន្តស្រាវជ្រាវ ស៊ើបសួររកប្រភពដើមជាមុនសិន ហើយសមត្ថកិច្ចបានប្រាប់ទៅពលរដ្ឋថាបើឈ្មួញដែលនាំបារីនេះមក ជួយរាយការណ៍ប្រាប់អាជ្ញារផង ដើម្បីហៅមកសាកសួរថាយកបារីនេះមកពីណា ៕ចន្ទ លីហ្សា