ភ្នំពេញ ៖ ស្រ្តីម្នាក់បានយំសោកបោកខ្លួនធាក់ននៀលដីនៅមុខផ្ទះឪពុកក្មេក ដោយនាងអះអាងថាស្វាមី និងឪពុកក្មេកលួចយកកូនស្រីសំណព្វចិត្តអាយុ១០ខែពីផ្ទះរបស់ម្តាយនាងរបៀបប្លន់ ក្រោយពីមាន ទំនាស់គ្នាមិនទាន់លែងលះគ្នាតាមប្រព័ន្ធតុលាការនៅឡើយនោះ ។
ហេតុការណ៍នេះ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨យប់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៩ នៅផ្ទះលេខ៧បេ ផ្លូវលេខ៣០៣ សង្កាត់ បឹងកក់ទី១ ខណ្ឌទួលគោក ដែលជាផ្ទះឪពុកក្មេក និងស្វាមីកំពុងរស់នៅ ។
ប្រភពពីក្រុមគ្រួសារស្រី្តខាងលើបានឲ្យដឹងថា ស្រ្តីរងគ្រោះ ឈ្មោះ គួន កែវពិសី អាយុ២៥ឆ្នាំ ជាបុគ្គលិកក្រុមហ៊ុនទេសចរណ៍ឯកជនមួយ សព្វថ្ងៃស្នាក់នៅជាមួយម្តាយផ្ទះលេខ១៥បេ ផ្លូវបេតុង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ។ រីឯបុរសជាប្តីឈ្មោះ ចន្ទ សុខវីរៈ អាយុ ៣០ឆ្នាំ មុខរបរបុគ្គលិក សណ្ឋាគារ ណាហ្គារវើល៍ រស់នៅផ្ទះលេខ ៧បេ ផ្លូវ៣០៣ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក ដែលជាផ្ទះរបស់ឪពុកឈ្មោះ ចន្ទ ពិសិដ្ឋ ចៅសង្កាត់អូរឫស្សី២ ខណ្ឌ៧មករា ។
ប្រភពដដែលបានឲ្យដឹងទៀតថា ប្តី ប្រពន្ធពីរនាក់នេះបានរៀបការជាមួយគ្នាយូរឆ្នាំមកហើយដោយទទួលបានចំណងដៃកូនស្រីអាយុ១០ខែម្នាក់ស្រស់ស្អាតយ៉ាង ទ្រលុកទ្រលន់ ។ លុះមកដល់ថ្ងៃទី២៧ ខែ សីហា ឆ្នាំ២០១៩ ក្រុមគ្រួសាររបស់គាត់ទាំងសងខាងបានបបួលគ្នាទៅហូបស៊ុបនៅហាង ឡុងកី ក្នុងសង្កាត់បឹងកក់១ ខណ្ឌទួលគោក ។ ក្រោយពេលហូបស៊ុបរួច ស្រាប់តែភាគីទាំងពីរមានទំនាស់ពាក្យ សម្តីនឹងគ្នាយ៉ាងស្រួចស្រាល់ រហូតដណ្តើមយកកូនស្រីអាយុ១០ខែ ដោយការ ប្រទាញ ប្រទង់ខាងប្រុសទាញដៃខាងស្រីទាញជើង ធ្វើឲ្យទារកស្រែកយំទ្រហឹងពេញ ហាងតែ ម្តង។
ពេលនោះមានលោកមេធាវីម្នាក់ដែលទៅហូបស៊ុបនៅក្បែរនោះឃើញទង្វើពុំគប្បីក៏ចូលទៅជួយ អន្តរាគមន៍លើក ហេតុផលតាមផ្លូវច្បាប់ទើបកូនស្រីម្នាក់នេះបានទៅលើម្តាយ ហើយម្តាយក៏បីទារក ទៅរស់នៅជាមួយម្តាយបង្កើតរបស់នាងឯសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ចាប់ពីពេលនោះមក។ ប្រភពដដែលបានឲ្យដឹងទៀតថា លុះមកដល់វេលាម៉ោង៧ព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៩ គ្រាដែលម្តាយ ទារិកាចេញទៅធ្វើការបាត់ ស្រាប់តែឈ្មោះ ចន្ទ សុខវីរៈ នាំបក្ខពួក២ទៅ៣នាក់ ជិះ រថយន្តមួយគ្រឿងទៅផ្ទះម្តាយរបស់នាង គួន កែវពិសី គាស់របងនិងទ្វារផ្ទះចូលទៅដល់កញ្ឆក់យកទារិកាពីដៃម្តាយនាងរួចនាំគ្នាជិះរថយន្តចេញទៅបាត់។
ចាប់ពីពេលនោះរហូតមក នាងជាម្តាយមានក្តីអាឡោះអាល័យចំពោះកូនតូចមាន តែ១ ក៏តែងតែធ្វើដំណើរទៅកាន់ផ្ទះឪពុកក្មេកជាចៅសង្កាត់អូរឫស្សី២ ដើម្បីទាមទារសុំជួបមុខកូន តែត្រូវឪពុកក្មេក និង ស្វាមី រារាំងមិនឲ្យជួបជាដាច់ខាត។
ប្រភពដដែលបន្តទៀតថា ពីមួយថ្ងៃទៅ មួយថ្ងៃ ដោយសារកូនស្រីតូចសំណព្វចិត្តត្រូវស្វាមី និងឪពុកក្មេកឆក់កូនយកទៅបាត់ នោះធ្វើឲ្យរូបនាងចង់ក្លាយជាមនុស្សវិកលចរិតទៅហើយ ដោយមួយថ្ងៃៗ មិនគិតហូប បាយទឹក គិតតែយំសោកបោកខ្លួននឹក ស្រណោះកូន។ រហូតដល់ថ្ងៃកើតហេតុទ្រាំ មិនបាន ក៏ទៅសុំជួបកូនម្តងទៀត តែត្រូវ ឪពុកក្មេកបិទទ្វារផ្ទះ មិនឲ្យចូលជួប ថែម ទាំងបណ្តេញចេញពីផ្ទះគេទៀតផង។
ស្រ្តីរូបនេះបានសូមអំពាវនាវដល់អ្នក ច្បាប់សូមមេត្តាជួយរកយុត្តិធម៌ឲ្យនាងផង ខណៈដែលនាងមានកូនស្រីដំបូង តែម្នាក់ គត់ ត្រូវបានគេបំបែក តើត្រូវច្បាប់ដែរ ឬ ទេ? ជាមួយនេះដែរនាងក៏សូមអំពាវនាវ ដល់អ្នកស្នេហាយុត្តិធម៌ទាំងអស់ ជួយតាម ផ្លូវច្បាប់ ដើម្បីទាមទារយកកូនស្រីមកវិញ គ្រាដែលការលែងលះគ្នាមិនទាន់ឆ្លងកាត់ការសម្រេចរបស់តុលាការនៅឡើយនោះ។
ពាក់ព័ន្ធរឿងហេតុខាងលើនេះ លោក ចន្ទ ពិសិដ្ឋ ចៅសង្កាត់អូរឫស្សី២បានប្រាប់ អង្គភាពនគរវត្ត នារសៀលថ្ងៃទី១៩ ខែកញ្ញាតាមទូរស័ព្ទថា រឿងរ៉ាវទាំងអស់នេះលោកមិន អាចអធិប្បាយបានទេ ដោយលោកបាន ជម្រាបដល់អ្នកយកព័ត៌មានផ្សេងៗរួចទៅហើយ។ លោកបានជំរុញឲ្យភ្នាក់ងារយើង ទៅជួបកូនប្រុសផ្ទាល់ ដើម្បីបញ្ជាក់រឿងរ៉ាវ ទាំងនេះឲ្យបានច្បាស់លាស់ តែលោកចៅ សង្កាត់មិនបានប្រាប់លេខទូរស័ព្ទកូនប្រុស របស់លោកដល់ភ្នាក់ងារយើង ដើម្បីសម្ភាសបាននោះទេ៕ ប្រាថ្នា