ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងចម្រុះចុះកម្ទេចរបាំងព្រួលកាត់ស្ទឹង និងចាក់លែងត្រីចម្រុះ  

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ មន្រ្តីជំនាញផ្នែករដ្ឋបាលជលផលរាំងទិល សង្កាត់រដ្ឋបាលជលផលបាកាន រួមសហការដោយកងកម្លាំងប្រដាប់អាវុធ ចុះត្រួតពិនិត្យ និងធ្វើការបង្រ្កាបឧបករណ៍ខុសច្បាប់ស្ដីពីជលផល ដែលជនប្រព្រិត្តដាក់កាត់ស្ទឹងច្រើនកន្លែង ។

ប្រតិបត្តិការខាងលើធ្វើឡើងនៅពុធ ៥រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៩ នៅតាមបណ្ដោយស្ទឹងស្វាយដូនកែវ ត្រង់ចំណុចព្រំប្រទល់ ស្រុកបាកាន ខេត្តពោធិ៍សាត់ និងស្រុកមោងឫស្សី ខេត្តបាត់ដំបង ។

ប្រភពព័ត៌មានពីកម្លាំងចុះប្រតិបត្តិការប្រាប់ថា លទ្ធផល៖ កម្លាំងអនុវត្តន៍បង្រ្កាប ១ករណី របាំងព្រួលដាក់កាត់ស្ទឹងប្រវែងចំនួន ១២០ម៉ែត្រ ស្មើនឹងចំនួន ០៥កន្លែង  បង្គោលចម្រឹងចំនួន ៧៥ដើម លបរួមផ្សំចំនួន ៣៥គ្រឿង និងចាក់លែងត្រីចម្រុះចូលក្នុងទឹកស្ទឹងវិញមួយចំនួនផងដែរ ។

ប្រភពព័ត៌មានដដែលបន្តទៀតថា បន្ទាប់ទទួលសេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋ មានជនមួយក្រុមប្រព្រិត្តបទល្មើសនេសាទដាក់របាំងកាត់ស្ទឹង នាំបញ្ហាដល់ការនេសាទជាលក្ខណាក់គ្រួសារ ជាពិសេសសម្រាប់ចរាចរណ៍ត្រីពងកូនផងដែរ ក្នុងនោះកម្លាំងកំពុងបន្តរុករកការបង្រ្កាបបន្ត ៕ បុឹម ពិន


ចែករំលែក៖