ខេត្តពោធិ៍សាត់៖ យ៉ាងតិចស្រ្តីជាប្រពន្ធអ្នកបើបររថយន្តម៉ាក SANG YONG ម្នាក់បានបាត់បង់ជីវិតយ៉ាងរន្ធត់ និងអ្នករួមដំណើរចំនួន ៣នាក់ផ្សេងទៀតបានរងរបួសធ្ងន់ នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រថយន្តផ្ទុះកង់រេចង្កូតទៅបុករថយន្តកំពុងធ្វើចរាចរណ៍ច្រាសទិសគ្នា ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យស្លាប់ និងរងរបួសធ្ងន់រហូតដល់ទៅចំនួន ៤នាក់ខាងលើនេះ បានកើតឡើងនៅវេលាម៉ោង១០ និង១៥នាទី ព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩ នៅលើកំណាត់ផ្លូវថ្នល់ជាតិលេខ៥ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ១៥៥.១៥៦ ស្ថិតក្នុងភូមិប៉បុិត ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។
មុនដំបូងគេឃើញរថយន្តម៉ាក SANG YONG ពណ៏ស ពាក់ស្លាកលេខ ភ្នំពេញ 2O 3024 ខាងលើ ធ្វើចរាចរណ៍ក្នុងទិសដៅពីលិចឆ្ពោះទៅទិសខាងកើត លុះមកដល់កន្លែងកើតហេតុបានផ្ទុះកង់មុខផ្នែកខាងឆ្វេងរេចង្កូតទៅបុក រថយន្តធុនធំម៉ាក FUSO ពណ៏ទឹកប្រាក់ ពាក់ស្លាកលេខ ចង្កូតស្តាំ BB ០២១៥ នៅគ្រាដែលកំពុងធ្វើចរាចរណ៍ច្រាសទិសគ្នា បណ្ដាលឲ្យស្លាប់ និងរបួសធ្ងន់រដូករណែលតែម្ដង នេះបើតាមការបញ្ជាក់ពីផ្នែកសណ្ដាប់ធ្នាប់នៃអធិការដ្ឋាននគរបាលស្រុកក្រគរ ៕ បុឹម ពិន