ភ្នំពេញ ៖ ជនសង្ស័យម្នាក់ បានធ្វើសកម្មភាពឆ្កឹះសោបន្ទប់ជួលបំណងចូលលួចទ្រព្យសម្បត្តិ តែសំណាងមិនល្អត្រូវសមត្ថកិច្ចប៉ុស្ដិ៍ស្ទឹងមានជ័យទី៣ឃើញទាន់ ចាប់វាយខ្នោះភ្លាមៗ កាលពីវេលាម៉ោង១២និង៥០នាទី ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៩ នៅចំណុចផ្ទះជួល ភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
លោក ឯម ភារី នាយប៉ុស្ដិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី៣បានឲ្យដឹងថា ជនសង្ស័យខាងលើមានឈ្មោះ នី រ៉ាឌី ភេទប្រុស អាយុ៣៧ មានមុខរបរ និងទីកន្លែងស្លាក់នៅមិនពិតប្រាកដ។
លោកនាយប៉ុស្ដិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី៣បានឲ្យដឹងទៀតថា មុនពេលឃាត់ខ្លួនជនសង្ស័យ មានប្រជាពលរដ្ឋម្នាក់ទូរស័ព្ទប្រាប់ថា មានជនសង្ស័យកំពុងលួចឆ្កឹះសោបន្ទប់ជួល ។ ភ្លាមៗនោះ លោកក៏ដឹកនាំកម្លាំងចុះទៅកន្លែងកើតហេតុនិងឃាត់ខ្លួនជនសង្ស័យបានម្នាក់ភ្លាមៗជាក់ស្ដែងតែម្ដង ។
យោងតាមការរៀបរាប់ពីម្ចាស់ផ្ទះជួលបានឲ្យដឹងថា មុនពេលកើតហេតុ កម្មករកម្មការិនីដែលជួលបន្ទប់ស្នាក់នៅរបស់គាត់គឺចាក់បន្ទប់ហើយទៅធ្វើការងារអស់ជាធម្មតា ហើយគាត់ក៏អង្គុយក្នុងផ្ទះមើលកាមេរ៉ាសុវត្ថិភាពក៏ឃើញជនសង្ស័យម្នាក់ដើរឆ្កឹះសោបន្ទប់ជួលស្ទើរតែគ្រប់បន្ទប់។ ពេលនោះ គាត់ក៏បានទូរស័ព្ទហៅសមត្ថកិច្ចដើម្បីអោយជួយអន្តរាគមន៍ និងចាប់បានភ្លាមៗផងដែរ។
ប្រភពពីម្ចាស់ផ្ទះជួលបានបន្តទៀតថា នៅផ្ទះជួលរបស់គាត់មិនមែនទើបមានលើកទីមួយនោះទេ ករណីឆ្កឹះសោបន្ទប់នេះគឺមានជាច្រើនលើកច្រើនសារមកហើយ និងធ្លាប់បាត់បង់ទ្រព្យសម្បត្តិជាច្រើនផងដែរ តែមិនដែរចាប់បាននោះទេ ទើបតែលើកនេះចាប់បានជាក់ស្ដែងតែម្ដង។
បច្ចុប្បន្ន ជនសង្ស័យខាងលើកំពុងឃុំខ្លួនបណ្ដោះអាសន្ននៅប៉ុស្ដិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី៣ ដើម្បីកសាងសុំណុំរឿងបញ្ជូនបន្តចាត់ការតាមផ្លូវច្បាប់ ៕ ភារ៉ា ដង្កោ