ព័ត៌មានទាន់ហេតុការណ៍៖

នាយប៉ុស្កិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិសៀមរាប ត្រូវបានសម្តេចក្រឡាហោម ស ខេង សម្រេចបញ្ចប់តំណែង 

ចែករំលែក៖

ភ្នំពេញ៖  លោកឧត្តមសេនីយ៍ត្រី អ៊ុ ករុណា ពីនាយប៉ុស្កិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិសៀមរាប ត្រូវបានសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្រេចបញ្ចប់តំណែងហើយ ដោយជំនួសដោយលោកឧត្តមសេនីយ៍ត្រី ទឹម សុភា មកគ្រប់គ្រងវិញ ។ នេះបើយោងតាមសេចក្តីប្រកាសកាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៩ កន្លងទៅ ដែលអង្គភាពសារព័ត៍មានទើបទទួលបាននៅរសៀលថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៩ ។

សម្តេចក្រឡាហោម ស ខេង បានសម្រេចបញ្ចប់តំណែង លោកឧត្តមសេនីយ៍ត្រី អ៊ុ ករុណា អត្តលេខ០៨៩៨៩ ពីនាយប៉ុស្កិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិសៀមរាប ដោយរក្សាមុខតំណែង ជាអនុប្រធាននាយកដ្ឋានច្រកទ្វារទី១ នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍។

ត្រូវបានផ្ទេរភារកិច្ច និងតែងតាំងមុខតំណែង លោកឧត្តមសេនីយ៍ត្រី ទឹម សុភា អត្តលេខ ៨៥៥២៩ ពីអនុប្រធាននាយកដ្ឋាន ប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ជានាយប៉ុស្កិ៍នគរបាលច្រកទ្វារ អាកាសយនដ្ឋានអន្តរជាតិសៀមរាប នាយកដ្ឋានច្រកទ្វារទី១ នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍។

ទោះបីយ៉ាងណា គេមិនទាន់ដឹងថា ការចេញសេចក្តីប្រកាស របស់ក្រសួងមហាផ្ទៃ ដើម្បីបញ្ចប់តំណែង លោកឧត្តមសេនីយ៍ត្រី អ៊ុ ករុណា ច្រកទ្វារនៃអាកាសយានដ្ឋាន អន្តរជាតិសៀមរាប នេះ ដោយសារមូលហេតុអ្វី ពិតប្រាកដនៅឡើយទេ ៕សហការី


ចែករំលែក៖