ខេត្តពោធិ៍សាត់៖ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកក្រគរ ស្ទាក់ឃាត់រថយន្តធុនធំ ១គ្រឿង មានផ្ទុកផលអនុផលព្រៃឈើសង្ស័យគ្មានលិខិតអនុញាតិ ប្រគល់ទទួលជូនមន្រ្តីជំនាញរដ្ឋបាលព្រៃឈើ ដើម្បីរក្សាទុកជាបណ្ដោះអាសន្ន ។
ប្រតិបត្តិការខាងលើធ្វើឡើងនៅវេលាម៉ោង៧ និង០៥នាទី យប់ថ្ងៃសៅរ៍ ៨រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៩ នៅលើកំណាត់ផ្លូវថ្នល់ជាតិលេខ៥ ស្ថិតក្នុងភូមិត្រពាំងរំដេញ ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។
ប្រភពព័ត៌មានពីកម្លាំងចុះប្រត្តិបត្តិការប្រាប់ថា រថយន្តម៉ាក ហុីយ៉ាន់ដាយ ចង្កូតឆ្វេង ពណ៏ស.លាយពណ៏ត្រួយចេក ពាក់ស្លាកលេខ ភ្នំពេញ 3C 3471 ត្រូវបានកម្លាំងធ្វើការស្ទាក់ឃាត់ដើម្បីត្រួតពិនិត្យនៅគ្រាដែលកំពុងធ្វើចរាចរណ៍ ខណៈនោះស្រាប់តែអ្នកបើកបរបើកទ្វាររថយន្តចុះរត់គេច មានសង្ស័យក៍ធ្វើការត្រួតពិនិត្យឃើញផលិតផលព្រៃឈើពេញរថយន្ត ។
ប្រភពដដែលបន្តទៀតថា តាមការជាក់ស្ដែងដែលធ្វើការវាស់វែងទ្រុងរថយន្ត ទំហំទទឹងទ្រុងប្រវែងចំនួន ១,៨០ម៉ែត្រ បណ្ដោយប្រវែងចំនួន ៣,៦០ម៉ែត្រ និងកម្ពស់ចំនួន ១,១០ម៉ែត្រ លទ្ធផល៖ ស្មើនឹងចំនួន ៧,១២៨ស្ទែរ វត្ថុតាងរថយន្តផ្ទុកផលអនុផលព្រៃឈើខាងលើ ប្រគល់ទទួលជូនមន្រ្តីជំនាញខណ្ឌរដ្ឋបាលព្រៃឈើ ដើម្បីរក្សាទុកជាបណ្ដោះអាសន្ន រងចាំបន្តនីតិវិធី ៕ បុឹម ពិន