ភ្នំពេញ៖ លោក ហែម អាន ប្រធានក្រុមប្រឹក្សាខណ្ឌដូនពេញ និងភរិយា និង លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ និងភរិយា ព្រមទាំងក្រុមគ្រួសារ និងសមាជិកក្រុមប្រឹក្សាខណ្ឌ មន្ត្រីរាជការរដ្ឋបាលខណ្ឌ ព្រមទាំងពុទ្ធបរិស័ទចំណុះជើងវត្ត បានអញ្ជើញចូលរួមពិធីបុណ្យកាន់បិណ្ឌវេនទី០៨ នៅវត្តព្រះពុទ្ធឃោសាចារ្យ (ហៅវត្តចិនដំដែក) ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២១ខែកញ្ញា ឆ្នាំ២០១៩នេះ។
នៅក្នុងពិធីអញ្ជើញកាន់បិណ្ឌនោះលោកទាំង២ បានជួបសំណេះសំណាលជាមួយពុទ្ធបរិស័ទ ដោយបានលើកឡើងពីប្រវត្តិខ្លះៗ នៃពិធីបុណ្យ ភ្ជុំបិណ្ឌ ដែលជាពិធីបុណ្យមួយក្នុងចំណោម ពិធីបុណ្យធំៗដទៃទៀត នៃពិធីបុណ្យប្រពៃណីជាតិខ្មែរ ហើយប្រជាពលរដ្ឋកម្ពុជានាំគ្នាប្រារព្ធពិធីបុណ្យនេះ មិនដែលអាក់ខានឡើយ គឺចាប់ពីថៃ្ង ១រោច ដល់ថៃ្ងទី ១៥រោច ខែភទ្របទ មានរយៈពេល១៥ថៃ្ង ជាពិធីបុណ្យភ្ជុំបិណ្ឌ។
ក្នុងរយៈពេល នៃថ្ងៃកាន់បិណ្ឌនីមួយៗ គឺជាឱកាសដែលពុទ្ធសាសនិកខ្មែរយើង បានធ្វើបុណ្យដាក់ទាន ដោយមានការធ្វើចង្ហាន់ យកទៅវេរប្រគេនដល់ព្រះសង្ឃដែលគង់ចាំ ព្រះវស្សានៅតាមបណ្តាវត្ត ជិតឆ្ងាយ ដើម្បីឧទ្ទិសកុសលផលបុណ្យទាំងឡាយ ដែលយើងធ្វើបញ្ជូនទៅដល់ដួងវិញ្ញាណក្ខន្ធញាតិទាំង ៧សន្តាន ដែលបានចែកឋាន រំលាយក្ខន្ធទៅកាន់បរមលោកក្តី ទៅទីណាក្តី សូមមកទទួលមគ្គផលដែលកូនចៅ បានធ្វើជូននាឱកាសបុណ្យនៅពេលនេះ។
ម្យ៉ាងវិញទៀត ពិធីបុណ្យនេះក៏ជាការផ្សារភ្ជាប់ និងជួបជុំញាតិមិត្ត និងផ្សព្វផ្សាយ ពីវប្បធម៌ អរិយធម៌ ប្រពៃណី ទំនៀមទម្លាប់ នៃប្រវត្តិធ្វើនៃពិធីបុណ្យរបស់ដូនតាខ្មែរដ៏យូរលង់ ដល់យុវជនជំនាន់ ក្រោយគ្រប់រូបបានយល់ដឹងកាន់តែច្បាស់ និងបន្តថែរក្សាកេរដំណែល ដូនតានេះឱ្យបានគង់វង្ស និងឱ្យសកលលោកបានដឹងថា វប្បធម៌ អរិយធម៌ប្រពៃណី ទំនៀមទម្លាប់នៃប្រវត្តិសាស្រ្តខ្មែរអស្ចារ្យ។
ក្នុងពិធីកាន់បិណ្ឌនេះដែរ លោកហែម អាន និងលោកសុខ ពេញវុធ និង លោកស្រី បាននិមន្តព្រះសង្ឃសូត្រមន្តចម្រើនព្រះបរិត្ត រាប់បាត្រ ប្រគេនទេយ្យទាន ទេយ្យវត្ថុមួយ
សម្រសម្រាប់ការសាងសង់សមិទ្ធផលនានានាដល់វត្តទាំង៦ ក្នុងមូលដ្ឋានខណ្ឌដូនពេញរួមមាន វត្តព្រះពុទ្ធឃោសាចារ្យ (ហៅវត្តចិនដំដែកខាងត្បូង) វត្តវិមានតេជះ(ហៅវត្តស្រះចក) វត្តបទុមវតី និង វត្ត ឧណាលោម វត្តសារាវ័ន្តតេជោ និង វត្តកោះ ។
ក្នុងនោះដែរបច្ច័យកាន់បិណ្ឌ វេនទី៨ សំរាប់វត្តព្រះពុទ្ធឃោសាចារ្យ (ហៅវត្តចិនដំដែកខាងត្បូង) សរុបចំនួន ៣៦,៣៤៥,២០០៛ ក្នុងនោះមាន បច្ច័យលោក អភិបាលខណ្ឌ និង ភរិយា ចំណាយក្នុងពិធីបុណ្យ ចំនួន ២៤,០៤៨,០០០រៀល បច្ច័យ របស់មន្ត្រីរាជការប្រជាពលរដ្ឋក្នុងមូលដ្ឋានខណ្ឌដូនពេញសំ រាប់ តំកល់កសាងក្នុងវត្តចំនួន ១៣,២៩៧,២០០៛ និងបច្ច័យ សំរាប់វត្តទាំង៥រួមមាន ក្នុងមួយវត្ត ថវិកាចំនួន៥០ម៉ឺនរៀល អង្ករ២បាវស្មើ ១០០គីឡូក្រាម ទឹកក្រូច០២កេស ទឹកសុទ្ធ០២កេស និង មីចំនួន០២ កេស ។និងសូមឧទ្ទិសមគ្គផលជូនបងប្អូនប្រជាពលរដ្ឋ និងពុទ្ធបរិស័ទទូទាំងខណ្ឌដូនពេញ ទទួលបាននូវបុណ្យកុសល និងជួបតែសេចក្តីសុខ សេចក្តីចម្រើន ព្រមទាំងពរ៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕ ស តារា