ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ស្លាប់ ម្នាក់ទៀតរបួសធ្ងន់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ម៉ូតូបុកនឹងរថយន្ត

ចែករំលែក៖

ខេត្តកំពង់ធំ៖ គ្រោះថ្នាក់ចរាចរណ៍ម៉ូតូបុក​នឹងរថយន្តពីចំហៀង ក្នុងទិសដៅផ្ទុយគ្នា (ពីជើងទៅត្បូង) បណ្តាលឲ្យបុរសម្នាក់ស្លាប់ម្នាក់ទៀតរងរបួសធ្ងន់ ។​

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១៥និង៤០នាទី នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៩ ត្រូវនឹងថ្ងៃ ០៧រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ លើកំណាត់ផ្លូវជាតិលេខ៦ ចន្លោះគីឡូម៉ែត្រលេខ១៩០.១៩១ ភូមិត្បែង(ខ) ឃុំត្បែង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

សមត្ថកិច្ចបានឲ្យដឹងថា ម៉ូតូម៉ាកឌ្រីមC125 ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ធំ1H:0603 បើកបរដោយឈ្មោះ ម៉ៃ ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិត្បែង(ខ) ឃុំត្បែង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ មុខរបរធ្វើស្រែ (ស្លាប់នៅនិងកន្លែងកើតហេតុ)មិនពាក់មួកសុវិត្ថភាព រួមដំណើរឈ្មោះ នី វាសនា ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិត្បែង(ខ) ឃុំត្បែង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ មុខរបរធ្វើស្រែ (របួសធ្ងន់)មិនពាក់មួកសុវិត្ថភាព ។

ចំណែករថយន្តម៉ាកហ៊ីណូ(HINO) ពណ៌ស ស្លាកលេខភ្នំពេញ 3D.2836 (របស់ក្រុមហ៊ុនដឹកប្រេងសាវីមិច) អ្នកបើកបរមិនស្គាល់អត្តសញ្ញាណបានបើករថយន្តគេចខ្លួនពីកន្លែងកើតហេតុទៅចតទុកនៅភូមិអំពិល ឃុំសំព្រោច ស្រុកស្ទោង ខេត្តកំពង់ធំ រួចរត់គេចខ្លួនបាត់។

មូលហេតុជាបឋមបង្កដោយអ្នកបើកបរម៉ូតូ បើកបរឆ្លងកាត់ផ្លូវពីជើងទៅត្បូងខ្ជីខ្ជារខ្វះការប្រុងប្រយ័ត្ន ទៅបុករថយន្តពីចំហៀងខាងស្ដាំ ដែលកំពុងបើកបរពីកើតទៅលិច ។

ក្រោយកើតហេតុសមត្ថកិច្ចបានយកវត្ថុតាងយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកំពង់ស្វាយរង់ចាំភាគីសងខាងចូលខ្លួនមកដោះស្រាយ ៕ ប៊ុនរិទ្ធី


ចែករំលែក៖