ព័ត៌មានទាន់ហេតុការណ៍៖

ទីតាំងហ្គេមបាញ់ត្រីមួយកន្លែងនៅក្រោយស្ថានទូតបារាំង កំពុងពង្វក់យុវជនឲ្យចេះជក់និងចែកចាយគ្រឿងញៀន

ចែករំលែក៖

ភ្នំពេញ៖ ទីតាំងហ្គេមបាញ់ត្រីខុសច្បាប់មួយកន្លែង នៅខាងក្រោយស្ថានទូតបារាំង តំបន់អតីតប្លុកបឹងកក់ ក្នុងមូលដ្ឋានសង្កាត់ស្រះចក ខណ្ឌដូនពេញ កំពុងតែផ្ដល់ទីតាំងឲ្យយុវជននិងយុវតីវ័យក្មេង នាំគ្នាចូលទៅពពាក់ពពូនគ្នា ដើម្បីគេចពីការសិក្សារួចទៅសំងំសេបនិងចែកចាយគ្រឿងញៀន បង្កឲ្យមានភាពអសន្តិសុខដល់ប្រជាពលរដ្ឋដែលរស់នៅតំបន់នោះ  ។

តាមប្រភពព័ត៍មានពីប្រជាពលរដ្ឋដែលរស់នៅក្បែរទីតាំងខាងលើនេះ បានឲ្យដឹងថា ទីតាំងហ្គេមបាញ់ត្រីខុសច្បាប់មួយនេះ ភាគច្រើនពួកគាត់ឃើញសុទ្ធតែក្រុមយុវជននិងយុវតីវ័យក្មេង បាននាំគ្នាចូលទៅពពាក់ពពូនគ្នា ដើម្បីគេចពីការសិក្សា រួចនាំគ្នាសេបនិងចែកចាយគ្រឿងញៀន រហូតបែកគំនិតក្លាយជាអំពើ លួច ឆក់ ប្លន់ និងវង្វេងវង្វានបាត់បង់ស្មារតី ធ្វើឲ្យប្រជាពលរដ្ឋរស់នៅជិតខាងមានការភ័យខ្លាចពីសុវត្ថិភាពដល់កូនៗរបស់គាត់ ពេលចូលផ្ទះម្តងៗ ។ដោយម្ចាស់ទីតាំងបើកចំហរតែម្តង មិនខ្លាចអាជ្ញាធរ ឬសមត្ថកិច្ចថ្នាក់ណាមកចុះបង្ក្រាបនោះទេ ព្រោះសង្ស័យថាម្ចាស់ទីតាំងបានបង់ប្រាក់ប្រចាំខែឲ្យសមត្ថកិច្ចអស់ហើយ ទើបគ្មានការបង្ក្រាបបែបនេះ ។

ពាក់ព័ន្ធនិងបញ្ហានេះដែរ ប្រជាពលរដ្ឋកំពុងងឿងឆ្ងល់រហូតដាក់ការសង្ស័យថា ការមិនបង្ក្រាបមាន៤ចំណុច ទី១-មកពីមិនដឹង ទើបមិនបង្ក្រាប ទី២-មកពីម្ចាស់ទីតាំងល្បែងមានខ្សែធំ ទើបមិនហ៊ានប៉ះ ទី៣-មកពីម្ចាស់ទីតាំងល្បែងបង់លុយប្រចាំខែរួចហើយ ទើបធ្វើមិនដឹង ទី៤- អាចមាន ចេតនាអនុវត្តផ្ទុយពីយន្តការអនុវត្តគោលនយោបាយភូមិ-សង្កាត់មានសុវត្ថិភាព ។

គួររំលឹកថាកន្លងមក លោក ឃួង ស្រេង   អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងលោក ស ថេត អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ បានដាក់បទបញ្ជានិងព្រមានចាត់វិធានការក្តៅទៅលើមន្ត្រីក្រោមឱវាទ អធិការ ក្រុង-ស្រុក និងនាយប៉ុស្តិ៍រដ្ឋបាលឃុំ-សង្កាត់នានា ដែលទុកបណ្តោយឲ្យមានសកម្មភាពល្បែងស៊ីសងគ្រប់ប្រភេទខុសច្បាប់ ជាពិសេសគឺករណីចែកចាយនិងជួញដូរគ្រឿងញៀនេះតែម្តង ។

បច្ចុប្បន្ននេះសម្ដេច ក្រឡាហោម ស ខេង ធ្លាប់បានដាក់ បទបញ្ជាឲ្យមន្ត្រីនគរបាលដែលពាក់ពន្ធ័នៅក្រោមឱវ៉ាទត្រូវតែបង្ក្រាបរាល់ល្បែងស៊ីសង ខុសច្បាប់គ្រប់ប្រភេទ មិនត្រូវមានការយោគយល់ឡើយ ដោយរាជរដ្ឋាភិបាលបានខិតខំលុបបំបាត់ល្បែងស៊ីសង បញ្ហាគ្រឿងញៀន ល-ល ។ ព្រោះថា បញ្ហាអសន្តិសុខ ឆក់ ប្លន់ ក៏ដូចជាអំពើហិង្សាក្នុងគ្រួសារ កើតឡើងដោយសារល្បែងសង និងគ្រឿងញៀន ដើម្បីធានាឲ្យបាននូវ សន្តិសុខ សណ្តាប់ ភាពសុខសាន្តជូនប្រជាពលរដ្ឋ ស្របតាមទិសស្លោក «រាជរដ្ឋាភិបាល លើយន្តការអនុវត្តគោលនយោបាយភូមិ-សង្កាត់មានសុវត្ថិភាព»៕ស តារា


ចែករំលែក៖