ខេត្តសៀមរាប៖ អាជ្ញាធរខេត្តសៀមរាបបានហៅអ្នកបើកឡានធំបំផ្លាញផ្លូវ៣០ម៉ែត្រមកដោះស្រាយតាមផ្លូវច្បាប់ និងឲ្យអ្នកម៉ៅការស្ថាបនាផ្លូវនេះ ធ្វើឡើងវិញ បន្ទាប់ពីរថយន្តដឹកខ្សាច់មួយគ្រឿងបានធ្វើចរាចរណ៍តាមផ្លូវ៣០ម៉ែត្របណ្ដាលឲ្យបាក់ស្រុតខូចកៅស៊ូដែលទើបធ្វើថ្មីៗ ។ ហេតុការណ៍នោះបានកើតឡើងកាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី២០ ខែកញ្ញាឆ្នាំ២០១៩ ស្ថិតនៅតាមបណ្តាយផ្លូវ៣០ម៉ែត្រក្នុងភូមិទក្សិណខាងត្បូង សង្កាត់គោកចក ក្រុងសៀមរាប ។
សមត្ថកិច្ចបានឲ្យដឹងថា ករណីនេះជំនាញបានអូសឡានដឹកខ្សាច់ខាងលើទៅកាន់ស្នងការខេត្តដើម្បីរង់ចាំដោះស្រាយគ្នាតាមផ្លូវច្បាប់។ ចំណែកតៃកុងរថយន្ត ត្រូវបាននាំយកទៅសាកសួរនៅសាលាខេត្ត។
ទោះយ៉ាងណាអ្នកបើកបរ និងក្រុមហ៊ុនដឹកខ្សាច់មិនត្រូវបានគេទម្លាយឈ្មោះនោះឡើយគ្រាន់តែដឹងថាអ្នកបើកបរនោះទំនងជាយោធា ហើយ រថយន្តបង្កនោះស្លាកលេខបាត់ដំបង៣A.០៦៤៨។
មន្ត្រីជាន់ខ្ពស់សាលាខេត្តសៀមរាបបានឲ្យដឹងថាពេលនេះអាជ្ញាធរ បានហៅអ្នកទទួលម៉ៅការហ្នឹងមកធ្វើផ្លូវឡើងវិញព្រោះផ្លូវនេះធ្វើមិនទាន់រួចរាល់នៅឡើយទេ ។ កន្លងមកមន្ត្រីរូបនោះបានអះអាងថា រាល់ឡានធំៗ អាជ្ញាធរចម្រុះបានដាក់ស្លាកសញ្ញាហាមឃាត់មិនឲ្យចូលក្រុងដែរតែពួកគេចេះតែបំពាន។
សមត្ថកិច្ចបញ្ជាក់ថា ផ្លូវដែលរងការខូចនោះមានប្រវែង៣៦,៥ម៉ែត្រនិងផុងខូចកៅស៊ូមានជម្រៅ០,៥ម៉ែត្រលើផ្លូវ៣០ម៉ែត្រនេះ រថយន្តខាងលើនេះ គឺជាកម្មសិទ្ធិ របស់ក្រុមហ៊ុន ឯកជន មួយដែលអាចមានថៅកែជាស្ត្រីជើងខ្លាំងខាងរកស៊ី មុខជំនួញ បូមខ្សាច់ និងកាយថ្មភ្នំ កាយដីលក់ ដ៏ល្បីល្បាញនៅក្នុងខេត្តសៀមរាប៕ប៊ុនរិទ្ធី