ភ្នំពេញ៖ ជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក៣នាក់ បានធ្វើសកម្មភាពលួចឆ្កឹះសោផ្ទះប្រជាពលរដ្ឋ ប៉ុនប៉ងលួចយកទ្រព្យសម្បត្តិ ក៏ត្រូវពលរដ្ឋរស់នៅជិតខាងឃើញស្រែកឆោឡោផ្អើលអ្នកភូមិនាំគ្នាព័ន្ធចាប់បានប្រគល់ឲ្យសមត្ថកិច្ចចាត់ការតាមច្បាប់ ។
ករណីឃាត់ខ្លួនជនសង្ស័យខាងលើនេះ បានធ្វើឡើងកាលពីវេលាម៉ោង៤ និង៣០នាទីទៀបភ្លឺ ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៩ នៅចំណុចផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិត្រពាំងឈូក សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ។
ជនសង្ស័យ ឈ្មោះ ជិន ធីនី ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល ភូមិទួលពង្រ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ (មានសារធាតុញៀ) ។ ចំណែកជនរងគ្រោះឈ្មោះ មិត្ត កញ្ញា ភេទស្រី អាយុ២២ឆ្នាំ ជនជាតិខ្មែរ មិខរបរនៅផ្ទះ ស្នាក់នៅផ្ទះសង់ថ្មី ផ្លូវលំ ភូមិត្រពាំងឈូក សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ។ សម្ភារៈខូចខាត ៖ មេសោ ចំនួន០៣ ខូច ។ សម្ភារៈបាត់បង់ ៖ គ្មាន ។
យោងតាមប្រភពពីមន្រ្តីនគរបាលប៉ុស្តិ៍អូរបែកក្អម បានឲ្យដឹងថា មុនពេលកើហេតុ ជនរងគ្រោះបានចេញទៅខេត្តសៀមរាប លុះដល់វេលាម៉ោង៤ និង៣០នាទីទៀបភ្លឺ ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៩ ស្រាប់តែមានជនសង្ស័យ ចំនួន០៣នាក់ ជិះម៉ូតូ០១គ្រឿង មកឈប់នៅចំណុចកើតហេតុខាងលើ ដោយមានសភាពស្ងាត់ជនសង្ស័យ ឈ្មោះ ជិន ធីលី , ឈ្មោះ លី ហូវ និងឈ្មោះ ង៉ោល បានធ្វើសកម្មភាពឆ្កឹះសោទ្វាផ្ទះ (ម្ចាស់មិននៅផ្ទះទៅខេត្តបាត់) ពេលជនសង្ស័យឆ្កឹះសោទ្វារផ្ទះបាន រួចនាំគ្នាចូលក្នុងផ្ទះកើតហេតុ ក្នុងគោលបំណងលួចយកទ្រពសម្បត្តិ តែត្រូវប្រជាពលរដ្ឋនៅជិតកន្លែងកើតហេតុ ឃើញក៏ស្រែថាចោរៗ រួចនាំគ្នាចាប់បានជនសង្ស័យ០១ឈ្មោះ ជិន ធីលី តែម្តង ។ លុះដល់ម៉ោង៩ព្រឹក ថ្ងៃដដែលប្រជាពលរដ្ឋបាននាំខ្លួនជនសង្ស័យប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលអូរបែកក្អម សាកសួរតាមនីតិវិធី ។ ចំណែកបក្ខពួកជនសង្ស័យ ០២នាក់ (ឈ្មោះ លី ហូវ និងឈ្មោះ ង៉ោល ) គេចខ្លួនបាត់ ។
បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីចាត់ការតាមច្បាប់ ៕ ចន្ទ លីហ្សា