ភ្នំពេញ៖ កម្លាំងនគរបាលខណ្ឌឫស្សីកែវ បានជួយធ្វើអន្តរាគមន៍តាមចាប់ជនសង្ស័យ២នាក់ បានភ្លាមៗ ខណៈដែលពួកគេឆ្លៀតឱកាសបន្លំលួចយកទូរស័ព្ទស៊េរីទំនើបចំនួន៣គ្រឿងក្នុងរថយន្ត ពេលម្ចាស់រវល់ចុះទិញកាតទូរស័ព្ទ ដោយមិនបានចុចឡុកសោកញ្ចក់រថយន្ត ។
ករណីឃាត់ខ្លួនជនសង្ស័យខាងលើនេះ បានធ្វើឡើងកាលពីវេលាម៉ោង១២ និង៥នាទីរសៀលថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ២០១៩ ស្ថិតនៅលើផ្លូវរថភ្លើង ក្នុងភូមិចុងខ្សាច់ សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។
ជនសង្ស័យទាំង២នាក់នេះ ទី១; ឈ្មោះចន្ថា ពងទា ភេទប្រុសអាយុ៣១ឆ្នាំ ;និងទី២ឈ្មោះ សេង មករា ភេទប្រុស អាយុ២៩ឆ្នាំ អ្នកទាំងពីរ ស្នាក់នៅភូមិបាក់ទូក សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។ ចំណែកវត្ថុតាងដកហូតបានមាន៖ ទូរស័ព្ទដៃចំនួន៣គ្រឿង ទី១; ម៉ាកអាយហ្វូនអ៊ិចម៉ែក និង២គ្រឿងទៀតម៉ាក Iphone XR ។
យោងតាមប្រភពព័ត៌មានពីមន្រ្តីនគរបាលខណ្ឌឫស្សីកែវ បានឲ្យដឹងថា មុនពេលកើតហេតុ បុរសរងគ្រោះ បានបើករថយន្តមួយគ្រឿងម៉ាក Range Rover ពណ៍ស ពាក់ស្លាកលេខភ្នំពេញ 2V-0027 មកចតរថយន្តនៅកន្លែងកើតហេតុ រួចចុះទៅទិញកាតទូរស័ព្ទ ដែលនៅមិនឆ្ងាយប៉ុន្មានពីកន្លែងចតនោះទេ ដោយដើរចេញទៅមិនបានចុចឡុកសោកញ្ចក់រថយន្ត និងបានទុកទូរស័ព្ទ៣គ្រឿងក្នុងរថយន្តផងដែរ ។ ខណៈដែលត្រឡប់មកវិញ មិនឃើញទូរស័ព្ទ ក៏ផ្អើលឆោឡោ ហើយក៏ត្រូវប្រជាពលរដ្ឋនៅក្បែរនោះ ប្រាប់ថាឃើញមុខសញ្ញាជនសង្ស័យ២នាក់ខាងលើ បានដើរមកក្រវែល ទើបជនរងគ្រោះប្តឹងសមត្ថកិច្ចខណ្ឌ និងប៉ុស្តិ៍បង្ក្រាបបានជាក់ស្តែងតែម្តង ។
ក្រោយឃាត់ខ្លួន យកមកសាកសួរជនសង្ស័យ បានឆ្លើយថា ខ្លួនពិតជាលួចទូរស័ព្ទខាងលើប្រាកដមែន ត្រូវបានសមត្ថកិច្ច កសាងសំណុំរឿង ចាត់ការតាមនីតិវិធី ៕ អារុណរះ