ខេត្តសៀមរាប៖ បើតាមសេចក្ដីរាយការណ៍របស់ភ្នាក់ងារអ្នកសារព័ត៏មានប្រចាំនៅតំបន់នោះបានថ្លែងថា ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ ផ្ទះសំបែងពលរដ្ន រួមទាំងសាលារៀន រងការលិចលង់ដោយសារជំនន់ទឹកភ្លៀង កាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិខ្លាឃ្មុំ ឃុំគោកធ្លកលើ ស្រុកជីក្រែង ខេត្តសៀមរាប ។
តាមប្រភពបានបញ្ជាក់ថា មូលហេតុដែលធ្វើអោយលិចលង់ភូមិឋាននេះគឺបណ្ដាលពីហៀរពីទឹកស្ទឹង ពីទឹកទំនប់ម្កាក់ សំរុកហូរចូលក្នុងភូមិ ធ្វើអោយទឹកជំនន់ជន់ឡើងយ៉ាងលឿន តែមិនប៉ះពាល ឬមានគ្រោះថ្នាក់ដល់អាយុជីវិតប្រជាពលរដ្នឬ សត្វឡើយ ។
លោក ទូច ទ្រី មេឃុំ គោកធ្លកលើ បានអោយដឹងថាទឹកជំនន់ទឺកភ្លៀងបានបង្កអោយលិចភូមិចំនួន៣ភូមិ គឺ ភូមិ គោកធ្លកលើ ភូមិសាលា និងភូមិក្រលៀន តែភូមិដែលខ្លាំងជាងគេគឺភូមិគោកធ្លកលើ ប៉ុន្ដែពុំមានប៉ះពាលជីវិត មនុស្ស ឬសត្វ ឡើយ រហូតមកដល់ពេលនេះទឹកនៅនិងមិនឡើង មិនស្រក។
លោក ថោង ស៊ន់ មេភូមិខ្លាឃ្មុំ បានអោយដឹងថា ពលរដ្នក្នុងភូមិ របស់លោកមានចំនួន ៣១៣គ្រួសារ កំពុងតែរងការលិចលងដោយសារជំនន់ទឹកភ្លៀង ពេលនេះទឹកកំពុងនៅស្ងៀមនិងមិនឡើងមិនចុះតែប្រសិនបើភ្លៀងបន្ដទៀតនោះ ភូមិនឹងរងការលិចលង់កាន់តែខ្លាំង ហើយពលរដ្ននឹងប្រឈមមុន និងជម្លៀលទៅទីទួលសុវត្ថិភាពជាមិនខាន ៕ ប៊ុនរិទ្ធី