ព័ត៌មានទាន់ហេតុការណ៍៖

ចំណាកស្រុកធ្វើការឲ្យគេ តែអកុសល ពលករខ្មែរម្នាក់ជួបគ្រោះថ្នាក់ចរាចរណ៍ដាច់ជើងទាំងពីរ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ ពលករ​ខ្មែរ​ម្នាក់​ធ្វើ​ការ​ប្រមូល​សំរាម​នៅ​ក្នុង​ក្រុង​ Pattaya ត្រូវ​រថយន្ត​បុក​ដាច់​ជើងទាំងសងខាងកាល​ពី​វេលា​ម៉ោង​០២រំលងអធ្រាត្រ​ ឈាន​ចូល​ថ្ងៃ​ទី​២​ ខែ​តុលា​ ឆ្នាំ​២០១៩​ នៅ​ត្រង់​ចំណុច​ស្របផ្លូវរថភ្លើង​ជិត​ភូមិ​ខៅតាឡូ​ សង្កាត់​ណង់​ព្រឺ​ ស្រុក​បាងឡាលុង​ ខេត្ត​ឈុន​បុរី​
ប្រទេសថៃ ។

សមត្ថកិច្ចមូលដ្ឋានថា ជនរងគ្រោះ​ មាន​ឈ្មោះ​ ឈួន​ ប៊ុនរឿន​ ភេទ​ប្រុស​ ២៨​ ឆ្នាំ​ សញ្ជាតិ​ខ្មែរ​ ស្រុក​កំណើត​រស់​នៅ​ស្រុក​មង្គលបូរី​ ខេត្ត​ បន្ទាយមានជ័យ ​ បាន​រងរបួស​ដាច់​ជើងទាំងសងខាង ។
ចំណែក​ឯ​រថយន្ត​បង្ក​ម៉ាក ​Nissan Sylphy​ ពាក់​ស្លាក​លេខ​ 4 กฌ 4462 បាងកក បើកបរដោយបុរសជនជាតិថៃម្នាក់​បានបើកទៅបុកគូទរថយន្ដ​ប្រមូល​សំរាម​ ពាក់​ស្លាក​លេខ​ 73-3948​ របស់​ក្រុមហ៊ុន​Eastern Green World គ្រាដែលជនរងគ្រោះកំពុងធ្វើសកម្មភាពប្រមូលសំរាមតាមទីសាធរណៈបណ្ដាលឲ្យខាងក្រោយរថយន្ដ​រងរបួស​ធ្ងន់​។

ក្រោយ​ពេល​កើតហេតុជនរងគ្រោះ​ត្រូវ​សមត្ថកិច្ច​សង្គ្រោះ​ដឹកបញ្ជូន​យក​ទៅ​ព្យាបាល​បន្ទាន់​នៅ​មន្ទីរពេទ្យ​ក្នុង​ស្រុក​បាងឡាលុង​ ។

ប្រភពថា ជនរងគ្រោះរហូតមកទល់នឹងវេលាម៉ោងនេះ បានស្លាប់ហើយ ៕ នីមវណ្ណា


ចែករំលែក៖