ព័ត៌មានទាន់ហេតុការណ៍៖

ខ្សែភ្លើងស្រាតឆក់ធ្វើឲ្យមនុស្ស៤នាក់រងគ្រោះធ្ងន់ ស្រាល ខណៈកំពុងជិះម៉ូតូ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ ជនរងគ្រោះចំនួន៤នាក់បានរងរបួសធ្ងន់ ស្រាល ខណៈដែលពេលកំពុងជិះម៉ូតូត្រូវខ្សែភ្លើងស្រាត ដែលដាច់ធ្លាក់ពីលើ ឌុយទាញឆក់កាលពីថ្ងៃទី១ ខែតុលា ឆ្នាំ២០១៩ នៅត្រង់ចំណុចដេប៉ូលក់ឈើ ស្ថិតក្នុងភូមិស្ទឹង ឃុំ រលួស ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។

លោកវរសេនីយ៍ឯក ជា ស្លូញ អធិការនគរបាល ស្រុកស្វាយចេក បានឲ្យដឹងថា៖ ជនរងគ្រោះទាំង៤នាក់ មានឈ្មោះ ១/-ឈ្មោះ រឺក ឡាយ ភេទប្រុស អាយុ៥២ ឆ្នាំរស់នៅភូមិ ត្រពាំងសំរោង ឃុំគោករមៀត ស្រុកថ្មពួក (របួសដៃស្ដាំ), ២/-ឈ្មោះ យេវ ខាន់ ភេទស្រី អាយុ៥១ ឆ្នាំ រស់នៅភូមិ ឃុំជាមួយគ្នា (ត្រូវជាប្រពន្ធ រងរបួសបាក់ដៃឆ្វេង), ៣/-ឈ្មោះ យិន ណាវិន ភេទប្រុស អាយុ ០៤ឆ្នាំ រស់នៅភូមិ ឃុំ ជាមួយគ្នា (ត្រូវជាចៅ រងរបួសដៃខាងឆ្វេង) ត្រូវបានរថយន្តសង្រ្គោះដឹកទៅមន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ជប៉ុន នៅស្រុកមង្គលបូរី, ៤/-ឈ្មោះ ឡុង ប៊ុនលី ភេទប្រុស អាយុ ២៣ឆ្នាំ រស់នៅភូមិ តាបែន ឃុំតាបែន ស្រុកស្វាយចេក (រងរបួសស្មាខាងស្ដាំ) កំពុងសំរាកនៅមន្ទីរពេទ្យបង្អែកស្រុកស្វាយចេក ។

លោកអធិការបានបន្តថា មុនពេលកើតហេតុ មេឃកំពុងភ្លៀងលាយឡំជាមួយផ្គររន្ទះ ពេលនោះរន្ទះបានបាញ់កែវទ្រខ្សែភ្លើង និងកែវថ្ពក់ខ្សែទប់មិនឲ្យឆ្លងចរន្តភ្លើងរបស់ក្រុមហ៊ុននិមិត្ត ក៏ដាច់ធ្លាក់មកទាំងខ្សែភ្លើងស្រាត បណ្តាលឲ្យចរន្តភ្លើងស្រូបទាញឆក់ជនរងគ្រោះទាំង៤នាក់ កំពុងជិះម៉ូតូនៅលើផ្លូវជាតិលេខ៥៦ A ពេលធ្វើដំណើរដល់កន្លែងដេប៉ូលក់ឈើ ស្ថិតក្នុងភូមិស្ទឹង ឃុំរលួស ស្រុកស្វាយចេក រងរបួសធ្ងន់៣នាក់ តា យាយ និងចៅ ដឹកទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែកមិត្តកម្ពុជា-ជប៉ុន ចំណែកម្នាក់ទៀតរងរបួសស្រាល កំពុងសំរាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកស្វាយចេក។

ក្រោយពីកើតហេតុម្ចាស់ក្រុមហ៊ុនបានបិទគុបហើយលើកខ្សែភ្លើងនោះឡើងវិញ អាចឲ្យមនុស្សធ្វើដំណើរឆ្លងកាត់ ។ ចំពោះបញ្ហាសំណងលើជនរងគ្រោះនោះ គឺនៅមិនដឹងថា ក្រុមហ៊ុននិមិត្តនោះ សងសំណងយ៉ាងណានោះឡើយ ៕ នីមវណ្ណា


ចែករំលែក៖