ព័ត៌មានទាន់ហេតុការណ៍៖

ផ្ទុះកំប៉ុងហ្គាសរទេះលក់នំប៉័ងសាច់ បណ្ដាលឲ្យម្ចាស់របួស

ចែករំលែក៖

ភ្នំពេញ៖ ស្នូរ​សំឡេង​លាន់ផ្ទុះដូចគ្រាប់បែក បានបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ច ខណៈដែលបុរសម្នាក់ ដែលជាអ្នករុញរទេះលក់នំប៉័ងសាច់ បានដាក់កំប៉ុងហ្គាសតូចមួយចូលទៅក្នុងទូរកញ្ចក់លើចង្ក្រានកម្ដៅនំប៉័ង បណ្ដាលឲ្យផ្ទុះ រងរបួសរយៈដៃខ្លួនឯង ។

ករណីផ្ទុះកំប៉ុងហ្គាសខាងលើនេះ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨និង២០នាទីព្រឹក ថ្ងៃទី២ ខែតុលា ឆ្នាំ២០១៩ ត្រង់ចំណុចមុខក្រុមហ៊ុនរថយន្តក្រុងកាពីតូល ស្ថិតនៅតាមបណ្ដោយផ្លូវលេខ១៨២ កែងផ្លូវលេខ ១០៧ ស្ថិតក្នុងសង្កាត់បឹងព្រលឹត ខណ្ឌ៧មករាមករា ។

ជនរងគ្រោះឈ្មោះ ប៊ិច ភេទប្រុស អាយុ ៣៨ឆ្នាំ មុខរបរលក់នំប៉័ងសាច់ ស្នាក់នៅសង្កាត់អូឬស្សី២ ខណ្ឌ៧មករា ។

តាមប្រភពពីបុរសម្នាក់ ជាអ្នករត់ម៉ូតូឌុបដែលនៅក្បែរកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញបុរសរងគ្រោះ បានរុញរទេះលក់នំប៉័ង តាមបណ្ដោយផ្លូវលេខ១៨២ ដោយធ្វើដំណើរពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុ ក៏ឈប់រទេះនៅខាងមុខក្រុមហ៊ុនរថយន្តក្រុងកាពីតូល ដើម្បីលក់នំប៉័ងដូចសពដង ។

ប្រភពដដែលបន្តថា ខណៈដែលជនរងគ្រោះកំពុងតែឈរលក់ស្រាប់តែផ្ទុះកំប៉ុងហ្គាសតូច ដែលដាក់ក្នុងទូរកញ្ចក់ លើចង្ក្រានកម្តៅនំប៉័ង លាន់ដូចគ្រាប់បែក បណ្ដាលឲ្យបែកកញ្ចក់ខ្ទាតពេញផ្លូវ និងរបួសរយះដៃខ្លួនឯង ប៉ុន្តែសំណាងល្អ មិនបង្កឲ្យរងរបួសដល់អ្នកដ៏ទៃ ដែលធ្វើដំណើរឆ្លងកាត់នៅកន្លែងកើតហេតុ ។

ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចមូលដ្ឋាន បានចុះទៅដល់ និង ត្រួតពិនិត្យទីតាំងកើតហេតុ ដោយមិនបង្កឲ្យមានប្រជាពលរដ្ឋរងរបួសនោះ ក៏បានឲ្យម្ចាស់ប្រមូលកញ្ចក់ដែលបែកចេញ និងទៅព្យាបាលរបួសដោយខ្លួនឯង ៕ស រស្មី


ចែករំលែក៖