ព័ត៌មានទាន់ហេតុការណ៍៖

សិស្សនិទ្ទេសA ចំនួន ២៥នាក់ ក្នុងខណ្ឌដូនពេញ បានទទួលថវិកាឧបត្ថម្ភលើកទឹកចិត្តពី លោក សុខ ពេញវុធ

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃព្រហស្បត្តិ៍ ៥កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ពុទ្ធស័ករាជ២៥៦៣ ត្រូវនឹងថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៩ រដ្ឋបាលខណ្ឌដូនពេញ បានរៀបចំពិធីសំណេះសំណាលជាមួយប្អូនៗ ជាបេក្ខជនដែលបានប្រឡងជាប់និទ្ទេសA ឆ្នាំសិក្សា២០១៨-២០១៩ សរុបចំនួន ២៥នាក់ ក្នុងខណ្ឌដូនពេញ ក្រោមអធិបតីភាព លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ ។

ប្អូនៗដែលបានប្រឡងជាប់និទ្ទេសA ទាំង ២៥នាក់ ក្នុងនោះមានស្រីចំនួន ០៩នាក់ មកពីវិទ្យាល័យព្រះស៊ីសុវត្ថិចំនួន ១៨នាក់, វិទ្យាល័យហ៊ុនសែនប៊ុនរ៉ានីវត្តភ្នំចំនួន ០៣នាក់, វិទ្យាល័យវត្តកោះចំនួន ០១នាក់ និង វិទ្យាល័យអន្ដរជាតិអាយស៊ីអេសចំនួន ០៣នាក់ ដោយម្នាក់ៗទទួលបានថវិកាឧបត្ថម្ភលើកទឹកចិត្តពីលោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ ចំនួន ១,០០០,០០០រៀល សរុបស្មើនឹង ២៥,០០០,០០០រៀល ក្នុងនោះថវិកា ឯកឧត្តម សួន រិនឌី អនុប្រធានទី១ ក្រុមការងារចុះជួយខណ្ឌដូនពេញ ចំនួន ២,០០០,០០០រៀល ឯកឧត្តម សារិន វណ្ណា អនុប្រធានក្រុមការងារចុះជួយខណ្ឌដូនពេញ និងជាប្រធានមន្ទីរ ដនសស រាជធានីភ្នំពេញ ចំនួន ១១,០០០,០០០រៀល និង លោក សុខ ពេញវុធ អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ ចំនួន ១២,០០០,០០០រៀល ផងដែរ ។

ក្នុងពិធីសំណេះសំណាលនេះផងដែរ លោក អភិបាល ក៏បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើចូលរួមអបអរសាទរ ពីសំណាក់ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និង លោកជំទាវ ព្រមទាំងបានលើកទឹកចិត្តឲ្យប្អូនៗ បន្តការសិក្សាថ្នាក់ឧត្តមសិក្សាតាមចំណង់ចំណូលចិត្ត និងក្តីស្រម៉ៃរបស់ប្អូនៗ ដើម្បីប្រែក្លាយសមត្ថភាពជាធនធានមនុស្ស ជាទំពាំងស្នងឬស្សី នៃអនាគតអ្នកបន្តវេនចូលរួមអភិវឌ្ឍន៍សង្គមជាតិឲ្យកាន់តែរីកចម្រើនឡើងថែមទៀត ៕ស តារា


ចែករំលែក៖