ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធររាជធានីភ្នំពេញ សូមអោយប្រធានសម្ព័ន្ធទាំង៦ខណ្ឌ ប្តឹងទៅតុលាការ ករណីក្រុមហ៊ុន 7NG មិនដោះស្រាយរឿងសន្សំប្រាក់ទិញដីក្រុមហ៊ុន

ចែករំលែក៖

ភ្នំពេញ៖ អភិបាលរងសាលារាជធានីភ្នំពេញ លោក មាន ចាន់យ៉ាដា បានជម្រាបមក ប្រធានសម្ព័ន្ធទាំង៦ខណ្ឌ រួមមានខណ្ឌទួលគោក ដូនពេញ ឫស្សីកែវ សែនសុខ មានជ័យ និង ខណ្ឌ៧មករា អោយប្តឹងទៅតុលាការ ករណីក្រុមហ៊ុន 7NG របស់លោកឧកញ៉ា ស្រី សុធា និង លោកឧកញ៉ា ស្រី ចន្ធូ មិនដោះស្រាយរឿងសន្សំប្រាក់ទិញដីក្រុមហ៊ុន ។ ប៉ុន្តែលោកឧកញ៉ា ស្រី សុធា អះអាងប្រាប់ ថា រឿងប្រធានសម្ព័ន្ធទាំង៦ខណ្ឌ នេះ គឺ បានដោះស្រាយចប់សព្វគ្រប់អស់ហើយ ។

យោងតាមលិខិតរបស់លោក មាន ចាន់យ៉ាដា ដែលទើបទទួលបាន បញ្ជាក់ថា ចំពោះសំណើសុំជួយអន្តរាគមន៍ជំរុញអោយក្រុមហ៊ុន 7NG ពន្លឿនការដោះស្រាយជូនសមាជិកសន្សំប្រាក់ទិញដីក្រុមហ៊ុន អោយបានឆាប់នោះ កន្លងមក រដ្ឋបាលរាជធានីភ្នំពេញ បានខិតខំសម្របសម្រួលដោះស្រាយជូនប្រជាពលរដ្ឋដែលមានបញ្ហាជាមួយក្រុមហ៊ុន 7NG ជាច្រើនលើកច្រើនសារ ប៉ុន្តែលោកឧកញ៉ាប្រធានក្រុមហ៊ុន 7NG មិនបានចូលរួមតាមការអញ្ជើញរបស់រដ្ឋបាលរាជធានីភ្នំពេញ ដោយបានចាត់តំណាងដែលមិនមានសិទ្ធិសម្រេចចូលរួមវិញ ។

លោក មាន ចាន់យ៉ាដា អភិបាលរងសាលារាជធានីភ្នំពេញ សង្កត់ធ្ងន់ថា “ដើម្បីដោះស្រាយរកយុត្តិធម៌ជូនប្រជាពលរដ្ឋ ដែលមានបញ្ហាជាមួយក្រុមហ៊ុន 7NG អោយបានឆាប់បញ្ចប់នោះ រដ្ឋបាលរាជធានីភ្នំពេញ សូមអោយលោក-លោកស្រី រៀបចំដាក់បែបបទពាក្យបណ្តឹងទៅតុលាការ ដើម្បីដោះស្រាយតាមនីតិវិធីច្បាប់”។

ពាក់ព័ន្ធបញ្ហានេះ លោកឧកញ៉ា ស្រី សុធា ថ្លែងប្រាប់ CPC NEWS នៅព្រឹកថ្ងៃទី៣ ខែតុលា នេះ ថា រឿងពាក់ព័ន្ធនឹងប្រធានសម្ព័ន្ធទាំង៦ខណ្ឌ នេះ គឺ ក្រុមហ៊ុនបានដោះស្រាយបញ្ចប់អស់ហើយ គ្មានរឿងអ្វីទៀតទេ ។

លោកឧកញ៉ា បន្តថា ពិធីបុណ្យភ្ជុំបិណ្ឌថ្មីៗនេះ គឺ ទើបជួបបាយជាមួយគ្នា ដោយមិនមានបញ្ហាអ្វីទេ ។ លោកបន្ថែមថា ក្រុមហ៊ុន មិនខ្វះដីជូនប្រជាពលរដ្ឋ ទេ ដោយក្នុងមួយសប្តាហ៍ ក្រុមហ៊ុនបានប្រគល់ដីជាបន្តបន្ទាប់ចាប់ពី៥០០ឡូតិ៍ ៕


ចែករំលែក៖