ខេត្តកណ្ដាល៖ បុរសចំណាស់ជាអ្នកថ្មើរជើងម្នាក់ ត្រូវរថយន្តបុក បណ្ដាលឲ្យរងរបួសធ្ងន់ ខណៈបុរសរងគ្រោះរូបនេះ ដើរឆ្លងផ្លូវ នៅវេលាម៉ោង៧និង១០នាទី ថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៩ នៅលើផ្លូវលេខ៣៨១ នៅចំណុចភូមិព្រែកតាទន់ ឃុំព្រះប្រសប់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ។
មន្ត្រីនគរបាលចរាចរណ៍ស្រុកខ្សាច់កណ្ដាលបានឲ្យដឹងថា បុរសរងគ្រោះជាអ្នកថ្មើរជើងឈ្មោះ ពៀ ប៉ាក់ហេង ភេទប្រុស អាយុ៦៦ឆ្នាំ មានទីលំនៅភូមិព្រែកតាទន់ ឃុំព្រះប្រសប់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល (រងរបួសបាក់ជើង) ។ ចំណែករថយន្តម៉ាកCANTER ប្រភេទដឹកទំនិញ ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 3C-1110 បើកបរដោយឈ្មោះ ដេន វិនផា ភេទប្រុស អាយុ២៩ឆ្នាំ នៅភូមិព្រះប្រសប់ ឃុំព្រះប្រសប់ ស្រុកខ្សាច់កណ្ដាល ។
ប្រភពដដែលបន្តថា នៅមុនពេលកើតហេតុ សាក្សីបានឃើញជនរងគ្រោះជាអ្នកថ្មើរជើង ដើរឆ្លងផ្លូវក្នុងទិសដៅពីលិចទៅកើត លុះមកដល់កន្លែងកើតហេតុ មានរថយន្តមួយគ្រឿងម៉ាក CANTER ប្រភេទដឹកទំនិញ បើកបរក្នុងទិសដៅពីជើងទៅត្បូង បានពារនឹងកិនបុរសរងគ្រោះ បណ្ដាលឲ្យបាក់ជើងខាងស្ដាំរងរបួសធ្ងន់តែម្ដង ។
ក្រោយពីមានហេតុការណ៍កើតឡើង ជនរងគ្រោះ ត្រូវបានរថយន្តសាមុយដឹកបញ្ជូនទៅសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យរាជធានីភ្នំពេញ ។ ដោយឡែករថយន្ត ត្រូវបានសមត្ថកិច្ច ធ្វើការពិនិត្យវាស់វែង រួចបញ្ជាក់ថា ករណីនេះ គឺបណ្ដាលមកពីបុរសរងគ្រោះជាអ្នកថ្មើរជើងឆ្លងកាត់ផ្លូវ មិនបានមើលឆ្វេង ស្ដាំ ខ្វះការប្រុងប្រយត្ន័ ទើបបានជាមានគ្រោះថ្នាក់កើតឡើង ។ ចំណែករថយន្ត ត្រូវបានសមត្ថកិច្ចជំនាញ កសាងឯកសារមករក្សាទុកនៅអធិការនគរបាលស្រុក ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់ ៕ ស្អាងជ័យ