ភ្នំពេញ៖ រថយន្តស៊េរីទំនើបមួយគ្រឿង ម៉ាកម៉ែកសឺដេសបានបើកបុកបង្គោលភ្លើង និងបង្គោលស្លាកសញ្ញាចរាចរណ៍បណ្តាលឲ្យបាក់រងការខូចខាតកាលពីវេលាម៉ោង១ និង៥០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៩ នៅចំណុចប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកល្អកទី១ សង្កាត់ទឹកល្អកទី១ ខណ្ឌទួលគោកហើយរថយន្តបង្កបានព្យាយាមបើករត់ទៅដល់ខាងជើងផ្សារក្រមួន ផ្លូវ១០០០៧ ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ទើបនគរបាលដេញឃាត់បាន ។
តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្តស៊េរីទំនើបមួយគ្រឿង ម៉ាកម៉ែកសឺដេស ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2BH 1234 ធ្វើដំណើរតាមបណ្តោយផ្លូវតាមបណ្តោយផ្លូវកម្ពុជាក្រោមក្នុងទិសដៅពីកើតទៅលិច ខណៈមកដល់ចំណុចកើតហេតុ បានជ្រុលឡើងឃឿន ផ្លូវបុកបង្គោលស្លាកសញ្ញាបង្ហាញផ្លូវដួលអស់មួយដើម និងបង្គោលភ្លើងបំភ្លឺផ្លូវមួយដើមថែមទៀត ។
សាក្សីបន្តថា ភ្លាមនោះរថយន្តបង្កបានព្យាយាមបើកគេចខ្លួនរហូតទៅដល់ខាងជើងផ្សារក្រមួន តាមបណ្តោយផ្លូវលេខ១០០៧ ទើបនគរបាលប្រចាំគោលដៅស្ពាន៧មករាដេញឃាត់បានតែម្តង។
ក្រោយកើតហេតុ រថយន្តបង្កត្រូវបានសមត្ថកិច្ចស្ទូចយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញរង់ចាំដោះស្រាយតាមច្បាប់ ៕ សុខាសែនជ័យ