ភ្នំពេញ៖ ដំណឹងនៃការបាត់បង់ជីវិតរបស់តារាកំប្លែង ដ៏មានប្រជាប្រិយភាព លោក ធូ ចំរ៉ុង ហៅនាយសានម៉ៅ បានធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើលនិងសម្តែងការអាណិតអាសូរខ្លាំង។ ពិធីបូជាសពរបស់តារាកំប្លែងរូបនេះនឹងត្រូវធ្វើឡើងនៅរសៀលម៉ោង៤ ថ្ងៃសៅរ៍ ទី០៥ ខែតុលា ឆ្នាំ២០១៩ នៅក្នុងបរិវេនវត្តព្រែកប្រា សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានភ្នំពេញ។
សិល្បករជាច្រើនបានចូលរួមពិធីបុណ្យសពរបស់អតីតតារាកំប្លែងរូបនេះ ដោយផ្ទាល់ និងមានសិល្បករខ្លះ ក៏បានចូលបច្ច័យតៗគ្នា ។ ទឹកមុខស្រងូតស្រងាត់របស់សិល្បករ ពិសេសអ្នកកំប្លែងធ្លាប់សម្តែងរួមគ្នាបានរំលឹកឲ្យឃើញពីស្នាដៃ និងអនុស្សាវរីយ៍ជាច្រើនរាប់មិនអស់គ្រាដែលពួកគាត់បង្កើតទស្សនីយភាពកំប្លែងរួមគ្នាធ្វើឲ្យទស្សនិកជនកម្សាន្តសប្បាយ ។ សិល្បករ និងមហាជនបានចាត់ទុកការបាត់បង់ជិវិតរបស់តារាកំប្លែងល្បីឈ្មោះរូបនេះថា ជាការបាត់បង់ធនធានមនុស្សដ៏មានទេពកោសល្យ ។ ការដំកល់សពរៀបចំពិធិបុណ្យត្រូវបន្តធ្វើដល់ថ្ងៃសុក្រនេះមុនពេលត្រូវរៀបចំពិធីបូជាសពនៅថ្ងៃសៅរ៍ តាមទំនៀមទម្លាប់ខ្មែរ ។ សិល្បករជាច្រើន ពិសេសតារាកំប្លែង នឹងចូលរួមពិធីបូជាសព និងជាការលាគ្នាចុងក្រោយទាំងអាឡោះអាល័យ។
គួរបញ្ជាក់ដែរថានាយសាន ម៉ៅ អាយុ៦០ឆ្នាំ ដែលមានជំងឺបេះដូងចំហរ និងហើមសួត និងធ្លាប់បានវះកាត់បំពង់កររហូតនិយាយលែងកើត ហើយស្ថានភាពជំងឺធ្ងន់ធ្ងរត្រូវបានក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះនៅមិន្ទីរពេទ្យនាប្រទេសថៃបន្ត ប៉ុន្តែការព្យាបាលមិនទទួលបានលទ្ធផលល្អ។ នាយ សានម៉ៅ បានទទួលមរណភាព កាលពីវេលាម៉ោង៦ល្ងាច ថ្ងៃទី២ តុលា ឆ្នាំ២០១៩ នៅក្នុងមន្ទីរពេទ្យអ៊ូប៊ុនប្រទេសថៃ ក្រោយបញ្ជូនយកទៅសង្គ្រោះនៅទីនោះ៕ វឌ្ឍនា