ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលប៉ុស្តិ៍គោកឃ្លាង ឃាត់ខ្លួនជនសង្ស័យ២នាក់ ដកហូតកាំភ្លើងខ្លី១ដើម និងថ្នាំញៀនមួយចំនួន

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យ២នាក់ រួមនឹងកាំភ្លើងខ្លី១ដើម ព្រមទាំងថ្នាំញៀនមួយចំនួន ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលគោកឃ្លាង ខណ្ឌសែនសុខឃាត់ខ្លួន ខណៈដែលកម្លាំងល្បាតកំពុងតែជិះការពារសុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ស្រាប់តែប្រទះឃើញពួកគេជិះម៉ូតូមួយគ្រឿងឌុបគ្នា ដោយមានការសង្ស័យក៏ឃាត់ឆែកឆេររកឃើញវត្ថុតាងជាក់ស្តែង ។

ករណីឃាត់ខ្លួនជនសង្ស័យទាំង២នាក់នេះ បានធ្វើឡើងកាលពីវេលាម៉ោង១ និង១០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៩ នៅចំណុចតាមផ្លូវលេខ២០១១ ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ។

យោងតាមមន្រ្តីនគរបាលប៉ុស្តិ៍រដ្ឋបាលគោកឃ្លាង បានឲ្យដឹងថា ជនសង្ស័យទាំង០២នាក់ នោះ ១-ឈ្មោះ ហ៊ុយ រិទ្ធ ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងឈើ ស្នាក់នៅសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ , ២-ឈ្មោះ ឆៃ សំអឿន ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងឈើ ស្នាក់នៅសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ ។

មន្រ្តីដដែលបន្តថា មុនពេលឃាត់ខ្លួនជនសង្ស័យខាងលើនេះ គឺកម្លាំងសមត្ថកិច្ចមូលដ្ឋានបានជិះល្បាត ដើម្បីទប់ស្កាត់បទល្មើសផ្សេងៗ ដែលអាចកើតឡើងជាយថាហេតុ លុះជិះមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែប្រទះឃើញជនសង្ស័យកំពុងជិះម៉ូតូឌុបគ្នា និងមានការសង្ស័យក៏ហៅឲ្យឈប់រួចធ្វើការឆែកឆេរ រកឃើញកាំភ្លើងខ្លី១ដើម ជាប្រភេទបាញ់ខ្យល់ និងគ្រឿងញៀនចំនួន២កញ្ចប់ផងដែរ ។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់ ត្រូវសមត្ថកិច្ចកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធី ៕ចន្ទ លីហ្សា


ចែករំលែក៖