ខេត្តកណ្ដាលៈ យ៉ាងហោចណាស់មនុស្សម្នាក់រងរបួសធ្ងន់ និងមនុស្ស៥នាក់ទៀតរងរបួសស្រាល ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ម៉ូតូនិងម៉ូតូ កាលពីវេលាម៉ោង១៨និង៤០នាទី ថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៩ ចំណុចខាងមុខសាលាអនុវិទ្យាល័យអនុវត្តន៍តាខ្មៅ លើផ្លូវ២១០ ស្ថិតនៅភូមិព្រែកសំរោងសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ។
មន្ត្រីនគរបាលចរាចរណ៍ក្រុងតាខ្មៅបានឲ្យដឹងថា ករណីនេះកើតឡើងដោយម៉ូតូម៉ាកHONDA DREAM ពណ៌ខ្មៅ ពាក់ស្លាកលេខកណ្ដាល1Y-5034 បើកម៉ូតូឈ្មោះខាត់ សុផាន់ ភេទប្រុស អាយុ២៤ឆ្នាំនៅភូមិខ្ពបវែង សង្កាត់កំពង់សំណាញ់ក្រុងតាខ្មៅ (រងរបួសស្រាល) និងអ្នករួមដំណើរពីក្រោយឈ្មោះ តុត រស្មី ភេទស្រី អាយុ១៩ឆ្នាំ នៅភូមិ ឃុំខាងលើ (រងរបួសស្រាល) ។ ចំណែកភាគីម៉ូតូម្ខាងទៀតម៉ាកZUSUKI SMASH Vពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1CA-0043 បើកបរដោយឈ្មោះ រាជ ស្រីល័ក្ខភេទស្រី អាយុ២២ឆ្នាំ មានទីលំនៅភូមិព្រែកសំរោង១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ (រងរបួសធ្ងន់) និងមានអ្នករួមដំណើរពីក្រោយ៣នាក់ ទី១.ឈ្មោះ សេក សារ៉ាត់ ភេទស្រី អាយុ៤២ឆ្នាំ (រងរបួសស្រាល) ទី២.ឈ្មោះធារៈ យុទ្ធ ភេទប្រុស អាយុ១១ឆ្នាំ (រងរបួសស្រាល) និងទី៣.ឈ្មោះ វិមាន ភេទស្រី អាយុ២ឆ្នាំ (រងរបួសស្រាល) ។
ប្រភពដដែលបន្តថា នៅមុនពេលកើតហេតុ សាក្សីបានឃើញម៉ូតូម៉ាក HONDADREAM បើកបរដោយល្បឿនលឿន ក្នុងទិសដៅពីជើងទៅត្បូង លុះបើកមកដល់ចំណុចកើតហេតុ ក៏បានប៉ះដៃចង្កូតម៉ូតូមួយគ្រឿងម៉ាកZUSUKI SMASH V បើកស្របទិសគ្នា បណ្ដាលឲ្យស្រ្តីជាអ្នកបើកបរម៉ូតូម៉ាកZUSUKI SMASH V រងរបួសធ្ងន់ រីឯ៥នាក់ទៀតរងរបួសស្រាល ។
ក្រោយពីមានហេតុការណ៍កើតឡើង សមត្ថកិច្ចនគរបាលចរាចរណ៍ក្រុងតាខ្មៅ បានចុះមកអន្តរាគមន៍ ដឹកជនរងគ្រោះរងរបួសធ្ងន់ទៅសង្រ្គោះនៅមន្ទីរពេទ្យជ័យជំនះក្រុងតាខ្មៅ ។ ដោយឡែកមធ្យោបាយ២គ្រឿង ត្រូវសមត្ថកិច្ចជំនាញ កសាងសំណុំ ដកហូតយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុង ដើម្បីចាត់ការតាមនីតិវិធី ។
សមត្ថកិច្ចជំនាញបានឲ្យដឹងថា មូលហេតុដែលកើតមានគ្រោះថ្នាក់គឺ បណ្ដាលមកពីអ្នកបើកម៉ូតូមួយគ្រឿងម៉ាកHONDA DREAM បើកបរលឿនខ្វះការប្រុងប្រយ័ត្ន ៕