ភ្នំពេញ៖ រថយន្តដឹកដី បុកម៉ូតូរុញជនរងគ្រោះ ផ្ទប់ជាមួយរថយន្តមួយគ្រឿងទៀតដឹកអេស្កាវ៉ាទ័រ បណ្ដាលឲ្យកៀបជាប់គ្នា របួសមនុស្សធ្ងន់៤នាក់ ។
ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោង ៨ និង ៤០នាទីព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ ២០១៩ ស្ថិតនៅតាមមហាវិថីវិមានឈ្នះឈ្នះ ត្រង់ចំណុចរង្វង់មូលមហាវិថីឈ្នះឈ្នះ សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វា ។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះទាំង៤នាក់ជិះម៉ូតូ ម៉ាហុងដាកស្កូបពី ពណ៌ស ពាក់ស្លាកលេខ 1BK-2132 បើកបរដោយបុរសជាប្តីឈ្មោះ ពុធ សុធារ៉ា អាយុ៣៦ឆ្នាំ ជាបុគ្គលិកសណ្ឋាគារសុខា បានរងរបួសធ្ងន់ និងអ្នករួមដំណើរ៖១-ស្ត្រីជា ប្រពន្ធ ឈ្មោះ តេង រតនា អាយុ ២៦ ឆ្នាំ ជាបុគ្គលិកសណ្ឋាគារសុខា (របួសធ្ងន់)២-ឈ្មោះ ម៉ាន ស៊ីណារ៉ាក់ ភេទប្រុស អាយុ ៧ ឆ្នាំ ត្រូវជាកូន (របួសធ្ងន់)៣-ឈ្មោះពុធ សុលីហ្សា ភេទស្រី អាយុ៦ឆ្នាំ ត្រូវជាកូន (របួសធ្ងន់) ។ ទាំងអស់គ្នា រស់នៅភូមិខ្ទរ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។
ចំណែករថយន្តទី១ម៉ាក ហ៊ីយ៉ាន់ដាយ ពាក់ស្លាកលេខ ភ្នំពេញ 3D-3351 អ្នកបើកបរ មិនស្គាល់អត្តសញ្ញាណ បានរត់គេចខ្លួនបាត់ និងរថយន្តទី២ ម៉ាក ហ៊ីយ៉ាន់ដាយ ដឹកអេស្កាវ៉ាទ័រ ពាក់ស្លាកលេខ 3D-7972 អ្នកបើកបរ មិនស្គាល់អត្តសញ្ញាណ ជារបស់ក្រសួងសាធារណការ និង ដឹកជញ្ជូន ។
ក្រោយពេលកើតហេតុ ជនរងគ្រោះទាំង ៤នាក់ ត្រូវបានគេបញ្ជូនទៅសង្គ្រោះ នៅមន្ទីរពេទ្យកាល់ម៉ែត ហើយរថយន្តនឹងម៉ូតូត្រូវសមត្ថកិច្ច វាស់វែងធ្វើកំណត់ហេតុយកទៅរក្សាទុកនៅការិយាល័យចរាចរផ្លូវគោករាជធានីភ្នំពេញរង់ចាំដោះស្រាយគ្នានៅពេលក្រោយ ៕ ជ្រោយពេជ្រ