ខេត្តកណ្ដាល៖ ជនសង្ស័យជាមុខសញ្ញាជួញដូរគ្រឿងញៀនយ៉ាងសកម្មម្នាក់ ត្រូវបាននគរបាលស្រុកមុខកំពូលចាប់ខ្លួន និងដកហូតថ្នាំញៀនចំនួន១៨កញ្ចប់ រួមទាំងវត្ថុតាងពាក់ព័ន្ធមួយចំនួនទៀតយកមកអធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។ ករណីនេះ បានធ្វើឡើងនៅវេលាម៉ោង១៥និង១០នាទី ថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៩ ត្រង់ចំណុចផ្ទះជួលស្ថិតក្នុងភូមិព្រែកតាបែន ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល ។
មន្រ្ដីនគរបាលស្រុកមុខកំពូលបានឲ្យដឹងថា ជនសង្ស័យដែលសមត្ថកិច្ចចាប់ខ្លួនឈ្មោះ សុខ ថៃ ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរ មិនពិតប្រាកដ បច្ចុប្បន្នស្នាក់នៅផ្ទះជួល ស្ថិតក្នុងភូមិព្រែកតាបែន ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល ។ ចំណែកវត្ថុតាងដកហូតបានរួមមាន៖ ម្សៅក្រាមពណ៌ស ថ្លាសង្ស័យជាសារធាតុញៀនចំនួន១៨កញ្ចប់ (ធំ២កញ្ចប់-តូច១៦ កញ្ចប់) ,ជញ្ជីងថ្លឹងថ្នាំញៀនចំនួន១គ្រឿង និងកន្ត្រៃចំនួន២ ។
ប្រភពដដែលបន្ដថា នៅថ្ងៃកើតហេតុ ថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង១៤និង៣០នាទី កម្លាំងនគរបាលផ្នែកប្រឆាំងគ្រឿងញៀនស្រុក បានទទួលព័ត៌មានច្បាស់ការថា ជនសង្ស័យខាងលើ កំពុងធ្វើសកម្មភាពជួញដូរគ្រឿងញៀននៅចំណុចកើតហេតុ ។ ក្រោយពីទទួលបានព័ត៌មាន ភ្លាមនោះក៏ចុះកម្លាំងជំនាញស្រុក សហការជាមួយកម្លាំងនគរបាលប៉ុស្ដិ៍រដ្ឋបាលព្រែកអញ្ចាញ ចុះដល់ចំណុចកើតហេតុ រួចឃាត់ខ្លួនជនសង្ស័យខាងលើ និងដកហូតថ្នាំញៀន១៨កញ្ចប់ រួមទាំងវត្ថុតាងពាក់ព័ន្ធផ្សេងទៀត យកមកធ្វើការសាកសួរនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលព្រែកអញ្ចាញ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុក ចាត់ការតាមច្បាប់ ៕ ស្ឣាងជ័យ