ភ្នំពេញ៖ លោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ បានដឹកនាំកម្លាំងចម្រុះដោយផ្ទាល់ ចុះឆ្មក់បង្ក្រាបទីតាំងបើកល្បែងស៊ីសងខុសច្បាប់(សង្វៀនជល់មាន់) មួយកន្លែង ជាប់មាត់ប្រឡាយទឹកស្អុយ ចូលតាមស្ពានទី២(មុខមន្ទីរពេទ្យរុស្ស៊ី) បន្ទាប់ពីទទួលបានដំណឹងពីប្រជាពលរដ្ឋ និងអ្នកសារព័ត៌មានចុះផ្សាយថា លួចបើកលេងឡើងវិញ ប៉ុន្ដែជាក់ស្ដែងមិនឃើញមានអ្នកលេងជល់មាន់ឡើយ ដោយរកឃើញទ្រុងដាក់មាន់ និងមាន់ជល់ចំនួន១១ក្បាល ។
ការឆ្មក់ចូលទីតាំងបើកល្បែងស៊ីសងខាងលើនេះ ធ្វើឡើងនៅវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃអាទិត្យ ទី០៦ ខែតុលា ឆ្នាំ២០១៩ មានទីតាំងនៅផ្ទះលេខ២១៩ ផ្លូវជាប់មាត់ប្រឡាយទឹកស្អុយ ចូលតាមស្ពានទី២(មុខមន្ទីរពេទ្យរុស្ស៊ី) ស្ថិតក្នុងក្រុមទី២ ភូមិភ្នាត សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
គួរបញ្ជាក់ថា ទីតាំងខាងលើនេះ ត្រូវបានប្រភពព័ត៌មានច្បាស់ការណ៍មួយសុំមិនបញ្ចេញឈ្មោះ បានប្រាប់ឲ្យដឹងថា មានឈ្មោះ ឆើត ជាម្ចាស់ផងដែរ ដែលត្រូវមហាជនផ្ទុះការរិះគន់យ៉ាងចាស់ដៃ ក្នុងនោះមានទាំងល្បែងបៀរ និងអាប៉ោងខុសច្បាប់ ដែលអាជ្ញាធរ និងសមត្ថកិច្ចខណ្ឌមានជ័យ ចុះបង្ក្រាបកាលពីកន្លងទៅនោះ តែងតែលួចបើកលេងឡើងវិញ ដោយស្ងាត់ៗបំផុត សូម្បីតែសម្លេងស្រែក ហ៊ោកញ្ជ្រៀវដូចមុនក៏មិនលឺដែរ។
បើតាមសម្ដីរបស់អ្នកភូមិរស់នៅជុំវិញទីនោះ បានប្រាប់ឲ្យដឹងថា រាល់ពេលចូលក្នុងទីតាំងជល់មាន់ បៀរ និងអាប៉ោងដុះស្លែខាងលើនោះ អ្នកលេងទាំងអស់ ត្រូវចូលលេងដោយស្ងាត់ៗ ទោះជាពេលចាប់គូតថ្លៃភាគរយ ក៏មិនត្រូវស្រែកឡូឡាឡើយ ត្រូវរក្សាភាពស្ងៀមស្ងាត់ជានិច្ច កុំឱ្យរំខានដល់ការរស់នៅរបស់ប្រជាពលរដ្ឋនៅជិតនោះ ហើយពេលចេញមកវិញក៏ត្រូវតែស្ងាត់ដែរ ទាំងអ្នកចាញ់ និងអ្នកឈ្នះ ត្រូវតែធ្វើបែបនេះទាំងអស់គ្នា ទើបអាចលេងបានយូរ។
លោកវរសេនីយ៍ទោ ម៉េង វិមានតារា អធិការនគរបាលខណ្ឌមានជ័យ បានឱ្យដឹងដែរថា នៅពេលទទួលបានដំណឹងពីប្រជាពលរដ្ឋ និងអ្នកសារព័ត៌មាន លោកតែងតែបញ្ជាកម្លាំងនគរបាលខណ្ឌមានជ័យ ចុះទៅទីតាំងបើកល្បែងស៊ីសងខាងលើនេះ ជាច្រើនលើកមកហើយ ប៉ុន្ដែជាក់ស្ដែងមិនឃើញមានអ្នកលេងជល់មាន់ឡើយ តែប្រមូលយកតែសម្ភារៈពាក់ព័ន្ធមាន់ជល់នេះ យកមករក្សាទុកប៉ុណ្ណោះ។
ទោះយ៉ាងណាក៏ដោយ ចំពោះការឆ្មក់ចូលទីតាំងខាងលើនេះ ជាលទ្ធផលជាក់ស្ដែង គឺមិនទាន់ដល់ម៉ោងលេង ទើបមិនមានមនុស្ស អ៊ូអរ លោកអភិបាលខណ្ឌមានជ័យ ក៏បញ្ជាឲ្យដកហូតសម្ភារៈមួយចំនួនដូចជា មាន់ជល់ចំនួន១១ក្បាល និងទ្រុងក្រុងមាន់ ចំនួន៩ ដែលមានម្ចាស់ឈ្មោះ អេង យៀង ភេទស្រី អាយុ៣៥ឆ្នាំ ស្នាក់នៅផ្ទះលេខ២១៩ ផ្លូវលំ ភូមិភ្នាត សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ។
បច្ចុប្បន្នវត្ថុតាងដកហូតខាងលើ បានបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីចាត់ការតាមច្បាប់ ៕ ភារ៉ា ដង្កោ