ភ្នំពេញ៖ យុវជនម្នាក់ ដួលប្រកាច់រហូតដល់សន្លប់ស្តូកស្តឹង បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ រួមទាំងសមត្ថកិច្ច ចុះពិនិត្យ និងទាក់ទងទៅរថយន្តសាមុយដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ ខណៈដែលកំពុងតែដើរម្នាក់ឯងតាមសួនច្បារសាធារណៈ ។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ១២ និង២០នាទីរសៀល ថ្ងៃទី៨ ខែតុលា ឆ្នាំ ២០១៩ ស្ថិតនៅលើសួនមួយកន្លែង ក្នុងសង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីសាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញយុវជនខាងលើ មានសតិមិនប្រក្រតី ដោយពុំត្រូវបានស្គាល់អត្តសញ្ញាណនោះទេ សម្បុរខ្មៅស្រអែម ស្លៀកខោខាប៊ូយពណ៍ខៀវជើងវែង អាវពណ៍ស ។ លុះដើរមកដល់ចំណុចកើតហេតុ ស្រាប់តែដួលប្រកាច់នៅលើសួនច្បារ រហូតដល់សន្លប់ស្តូកស្តឹងតែម្តង ។ ភ្លាមនោះក៏មានប្រជាពលរដ្ឋធ្វើដំណើរតាមដងផ្លូវ នាំគ្នាចោមរោមមើលនិងរាយការណ៍ ប្រាប់សមត្ថកិច្ចមូលដ្ឋានឲ្យចុះមកត្រួតពិនិត្យជាក់ស្តែង ។
ក្រោយកើតហេតុជនរងគ្រោះ ត្រូវបានសមត្ថកិច្ចហៅរថយន្តសាមុយដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ និងស្រាវជ្រាវរកក្រុមគ្រួសារ ដើម្បីមកទទួលយកវិញ ៕អារុណរះ