ប្រជាពលរដ្ឋអ្នកធ្វើដំណើរឆ្លងកាត់ភូមិសាស្ត្រ ខេត្តកំពត រអូរទាំអំពីស្ថានភាពផ្លូវនៅក្នុងខេត្តនេះ ឃើញតែមានការជួសជុលជាហូរហែ ប៉ុន្តែធ្វើខាងមុខ ខូចខាងក្រោយ ។ ផ្លូវច្រើនខ្សែ ទាំងផ្លូវជាតិផង រងការខូចខាតជាបន្តបន្ទាប់ រីឯការជួសជុល ក៏ឃើញថា បានធ្វើជាបន្តបន្ទាប់ ប៉ុន្តែគ្រាន់តែដកគ្រឿងចក្រចេញ គឺផ្លូវខូចទៅហើយ ។ ប្រការនេះ ត្រូវបានក្រុមមន្ត្រីនៃមន្ទីរសាធារណការ ដឹកជញ្ជូនខេត្តកំពតអះអាងថា ដោយសារតែលោកប្រធានមន្ទីរឈ្មោះ ជីង គ័ង ប្រើវិធីចាក់ស្តើងស៊ីក្រាស់ ហើយគ្រឿងចក្រត្រូវបានពង្រាយដើម្បីឲ្យថ្នាក់ដឹកនាំមើលឃើញថា ខេត្តកំពតធ្វើផ្លូវមិនឈប់ឈរ ប៉ុន្តែវាជារឿងផលប្រយោជន៍ច្រើនជាងគិតពីគុណភាពផ្លូវ ។
គេអាចមើលឃើញផ្លូវជាតិលេខ៣៣ A ឆ្លងកាត់ស្រុកទឹកឈូរ មានការជួសជុលធ្វើជាញឹកញាប់ និងជាច្រើនកន្លែង ។ កន្លែងដែលមានការជួសជុលតែងតែមានដីហុយងងឹត ដែលងាយបង្កគ្រោះថ្នាក់ដល់អ្នកដំណើរ ។ រីឯផ្លូវជាតិលេខ៣ ដែលកំពុងជួសជុល ក៏មិនខុសពីផ្លូវជាតិលេខ៣៣A នោះដែរ ពោលគឺមិនបានស្រោចទឹកលើផ្លូវនោះទេ ។ អ្វីដែលធ្វើឲ្យមានការចាប់អារម្មណ៍នោះផ្លូវទៅរមណីយដ្ឋានទឹកឈូរ ឃើញមានការជួសជុលជាយូរមកហើយ ប៉ុន្តែ ធ្វើខាងមុខ ខូចខាងក្រោយ ។ ផ្លុវនេះមានប្រវែងប្រហែលជាង១គីឡូម៉ែត្រ ត្រូវបានជួសជុលកាលពីអំឡុងខែមេសា ឆ្នាំ២០១៩មក រហូតមកដល់ពេលនេះ មិនទាន់រួចរាល់ទាំងស្រុងនៅឡើយ រីឯកន្លែងដែលជួសជុលរួចរងការខូចខាតវិញទៅហើយ។ ករណីនេះ ត្រូវបានក្រុមមន្ត្រីនៅក្នុងមន្ទីរអះអាងថា វាជាបច្ចេកទេសដែលរៀបចំដោយលោកប្រធានមន្ទីរ ជីង គ័ង ។
ក្រសួងសាធារណការ បានដក ឬផ្លាស់ប្តូរប្រធានមន្ទីរតាមបណ្តាខេត្តជាច្រើនមកហើយ ។ បើនិយាយពីសមត្ថភាពដឹកនាំលាយឡំដោយអំពើពុករលួយ នោះលោក ជីង គ័ង ត្រូវគេអះអាងថា មិនល្អជាងអ្នកដែលគេដកតាមបណ្តាខេត្តមុនៗនោះឡើយ ។ ដូច្នេះថ្នាក់ដឹកនាំក្រសួង គួរពិនិត្យមើលប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពតផង ។ ក្រៅតែពីឈូសឆាយចាក់ថ្មតិចតួចនៅលើផ្លូវជាតិ…គឺគ្មានឃើញអ្វីដែលជាស្នាដៃដុំកំភួននោះឡើយ ។ ការជួសជុលផ្លូវច្រើនខ្សែលាក់លៀមលាយឡំដោយអំពើពុករលួយ ពោលគឺគ្រាន់តែរាយខ្សាច់ រាយគ្រួស… តែបន្តិច… ដកគ្រឿងចក្រចេញគឺផ្លូវខូចទៅហើយ ។ តើនេះជាយុទ្ធសាស្ត្ររបស់ក្រសួងសាធារណការ ឬក៏យុទ្ធសាស្ត្ររបស់លោក ជីង គ័ង ៕