ខេត្តបន្ទាយមានជ័យ៖ បុរសម្នាក់ជិះម៉ូតូបុករថយន្តខូចឈប់ចតគ្មានដាក់ភ្លើងបំភ្លឺរង របួសធ្ងន់នៅវេលាម៉ោង៤ទៀបភ្លឺ ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩ នៅចំណុចបរិវេណរោងចក្រទឹកកក ស្ថិតក្នុងសង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។
លោកវរសេនីយ៍ទោ សួន នីប៉ូ នាយរងការិយាល័យ នគរបាលចរាចរណ៍ជើងគោកខេត្ត បានឲ្យដឹងថា ជនរងគ្រោះអ្នកបើកបរម៉ូតូឈ្មោះ ធាន ធៀង ភេទប្រុស អាយុ៣៥ឆ្នាំ នៅភូមិចង្ហា ឃុំចង្ហា ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។ ម៉ូតូម៉ាក ហុងដា ធុនសេ១០០ ស៊េរីចាស់ ពណ៌ក្រហម-ខ្មៅ ។
ចំណែកអ្នកបើកបររថយន្តឈ្មោះ ហ៊ុំ វិបុល ភេទប្រុស អាយុ២៤ឆ្នាំ ស្រុកកំណើតនៅភូមិតាគាំ ឃុំជាងទង ស្រុកត្រាំកក់ ខេត្តតាកែវ មកស្នាក់ នៅភូមិសូភី សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ប្រកបរបបូមបង្គន់ រថយន្តច្នៃធុនធំ ពាក់ស្លាកលេខ តាកែវ 3A.3281 ។
លោកបញ្ជាក់ថា៖នៅមុនពេលកើតហេតុ ជនរងគ្រោះបានបើកម៉ូតូពីទិសខាងកើតទៅលិចមានពាក់មួកសុវត្ថិភាព ពេលដល់ចំណុចបរិវេណរោងចក្រទឹកកក ស្ថិតក្នុងសង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ បានបុករថយន្តច្នៃដែលខូចគាំងចតដោយគ្មានសញ្ញាភ្លើងបំភ្លឺ ពីក្រោយបណ្តាលឲ្យអ្នកបើកបរម៉ូតូរងរបួសធ្ងន់ ត្រូវរថយន្តសង្រ្គោះរបស់ស្នងការដ្ឋានដឹកទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែកមិត្តភាពកមពុជា-ជប៉ុន នៅស្រុកមង្គលបូរី ។
ចំណែកវត្ថុតាងរថយន្ត និងម៉ូតូកម្លាំងនគរបាលជំនាញ យកមករក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្ត រង់ចាំដោះស្រាយគ្នានៅពេលក្រោយ ៕ នីមវណ្ណា