បន្ទាប់ពីក្លាយជាប្រធានមន្ទីរកសិកម្មខេត្តកំពង់ស្ពឺ លោក ឈាង តុលា ធ្វើឲ្យមន្ត្រីនៅក្រោមបង្គាប់ញាក់សាច់គ្រប់គ្នា ។ ញាក់សាច់ក៏ព្រោះតែលោកអាចធ្វើអ្វីៗបានគ្រប់យ៉ាង រួមទាំងការលក់ដីច្រើនកន្លែង បើទោះបីជាមន្ត្រីក្រោមឱវាទធ្វើការរាប់សិបឆ្នាំ ខ្លះចូលនិវត្តន៍ មានប្រតិកម្មក៏លោកមិនឈឺក្បាល ។ ជាងនេះទៅទៀត ថ្នាក់ដឹកនាំខេត្តកំពង់ស្ពឺ ក៏បានដើរគ្រវីក្បាលពីអំណាចរបស់លោក ឈាង តុលា ក្នុងរឿងលក់ដីរដ្ឋបានតម្លៃរាប់សិបលានដុល្លារនោះដែរ ។ បានត្រឹមតែដើរគ្រវីក្បាល គឺមិនធ្វើអ្វីលោកឈាង តុលាកើតនោះឡើយ ។ ពលរដ្ឋ មន្ត្រីរាជការខេត្តកំពង់ស្ពឺនិយាយថា អំណាចរបស់លោក ឈាង តុលា ធំណាស់ ។
ប្រភពពីមន្ត្រីមន្ទីរកសិកម្មខេត្តកំពង់ស្ពឺបានឲ្យដឹងថា ដីផ្នែករដ្ឋបាលព្រៃឈើខេត្តកំពង់ស្ពឺ ដែលបច្ចុប្បន្នជាទីស្នាក់ការខណ្ឌរដ្ឋបាលព្រៃឈើត្រូវបានលក់ទៅឲ្យក្រុមហ៊ុនហុងដា ដែលគ្រាន់តែប្រាក់កក់រាប់សែនដុល្លារទៅហើយ ។ ប្រភពបន្ថែមថា មានអ្នករត់ការធ្វើ សជណ ដោយមិនឲ្យមន្ត្រីរាជការនៅក្នុងមន្ទីរកសិកម្មបានដឹងនោះទេ ពោលគឺមានតែលោកឈាង តុលា និងអនុប្រធានមន្ទីរម្នាក់ ដែលជាអ្នករៀបចំ ។ បើទោះបីជារឿងនេះត្រូវបានបែកធ្លាយ ក៏លោក ឈាង តុលា ធ្វើមិនដឹងមិនឮ ពីព្រោះលោកអាងអំណាចខ្សែបណ្តោយដែលគ្មាននរណាហ៊ានប៉ះពាល់នោះឡើយ ។ ក្រុមមន្ត្រីនៃមន្ទីរកសិកម្មខេត្តកំពង់ស្ពឺបានត្រឹមសម្តែងនូវការសោកស្តាយ និងអ្នកដែលមិនបានលាភសក្ការ បានត្រឹមប្រកាសថា នឹងធ្វើបាតុកម្ម ។
យ៉ាងណារឿងរ៉ាវលក់ដីជាតិនេះ បានធ្វើឲ្យជ្រួលច្របល់នៅក្នុងចំណោមមន្ត្រីតូចតាចនៃមន្ទីរកសិកម្មខេត្ត ប៉ុន្តែសេចក្តីឈឺចាប់ទាំងនោះ មិនមែនជាកង្វល់របស់ប្រធានមន្ទីរកសិកម្ម និងអាជ្ញាធរខេត្តកំពង់ស្ពឺនោះឡើយ ។ ប្រការនេះ ធ្វើឲ្យមន្ត្រីរាជការចាស់វស្សាមួយចំនួននៃមន្ទីរកសិកម្មខេត្តអាក់អន់ស្រពន់ចិត្តជាខ្លាំង ពីព្រោះថា ដីរួមរបស់ជាតិ មិនគួរត្រូវបានបែងចែកផលប្រយោជន៍តែពួកមន្ត្រីធំៗនោះទេ ។ មន្ត្រីចាស់ៗ ធ្វើការរាប់សិបឆ្នាំ បានត្រឹមបង្ហូរទឹកភ្នែកព្រោះតែលោកឈាង តុលា មិនបានចែករំលែកផលលាភដែលបានពីការលក់ដីជាតិនេះ ។ មិនតែប៉ុណ្ណោះ សូម្បីតែអភិបាលខេត្ត ក៏មិនដឹងរឿងគេលក់ដីតម្លៃរាប់សិបលានដុល្លារនេះដែរ ។ យ៉ាងដូច្នេះ អំណាចរបស់លោក ឈាង តុលា ពិតជាខ្លាំងជាលោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺនោះមែន ៕