ព័ត៌មានទាន់ហេតុការណ៍៖

នយោបាយសេដ្ឋកិច្ចកម្ពុជាមានស្ថិរភាពធ្វើឲ្យវិនិយោគិនជប៉ុនចូលរួមវិនិយោគផ្នែកអចលនទ្រព្យកាន់តែច្រើន

ចែករំលែក៖

ភ្នំពេញ៖ ដោយសារមើលឃើញពីស្ថានភាពនយោបាយ សន្តិសុខ និងការអភិវឌ្ឍ របស់រាជរដ្ឋាភិបាលកម្ពុជាកាន់តែរីកចម្រើននិងស្ថិរភាពនោះ ក្រុមហ៊ុនអចលនទ្រព្យរបស់ជប៉ុនមួយចំនួនបានយកចិត្តទុកដាក់ក្នុងការអភិវឌ្ឍលំនៅឋានជូនប្រជាពលរដ្ឋកម្ពុជារស់នៅឲ្យកាន់តែមានភាពថ្លៃថ្នូរបែបស៊ីវិល័យប្រសើរឡើង ដោយដាក់ទុនវិនិយោគរាប់ម៉ឺនលានដុល្លារដើម្បីសាងសង់លំនៅឋានដូចជាខុនដូជាដើមសម្រាប់ដាក់លក់ជូនអតិថិជនកម្ពុជាក្នុងតម្លៃសមរម្យសមនឹងជីវរស់នៅរបស់ពួកគាត់ ។

ជាក់ស្តែងក្រុមហ៊ុនលំនៅឋានរបស់ជប៉ុនល្បីឈ្មោះមួយហៅថាក្រុមហ៊ុនលំនៅឋាន អារ៉ាខាវ៉ា កំពុងសាងសង់ខុនដូកម្ពស់២១ជាន់តាមស្តង់ដារជប៉ុនដែលមានទីតាំងនៅកណ្តាលក្រុងភ្នំពេញខាងក្រោយមន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ដោយចំណាយទុនផ្ទាល់ខ្លួនជាង៧០លានដុល្លារសម្រាប់សាងសង់ខុនដូទំនើបមួយលើផ្ទៃដី១.៣ ហិកតានិងមានតម្លៃសមរម្យសម្រាប់អតិថិជនកម្ពុជា។

ថ្លែងក្នុងសន្និសីទកាសែតកាលពីរសៀលថ្ងៃ៩ខែតុលាឆ្នាំ២០១៩នេះ លោក អាឡិច យ៉ាស៊ូម៉ូតូ និងលោក អៀង សុធារ៉ា ជាសហស្ថាបនិកក្រុមហ៊ុន អារ៉ាខាវ៉ា បានមានប្រសាសន៍ថា លំនៅឋានបែបខុនដូនេះត្រូវបានសាងសង់ឡើងក្នុងគោលបំណងឲ្យប្រជាពលរដ្ឋកម្ពុជាដែលជាសិស្ស និស្សិត គូភរិយាថ្មី និងអ្នកក្រីក្រ បើទោះជាគាត់មានចំណូលទាបនិងមធ្យមក៏ដោយក៏អាចទិញលំនៅឋានខុនដូរបស់អារ៉ាខាវ៉ា បានដែរដោយទទួលបានជាម្ចាស់កម្មសិទ្ធិតកូនតចៅ ។ ខុនដូនេះសាងសង់កម្ពស់២១ជាន់ដូចគ្នាតាមស្តង់ដារ ដោយតំណាក់ការទី១ សាងសង់មានចំនួន១០អគារ ហើយបានចាប់ផ្តើមសាងសង់នៅខែ វិច្ឆិកា ឆ្នាំ២០១៧ និងគ្រោងបញ្ចប់នៅចុងឆ្នាំ២០២០ដោយចំណាយទុនជាង៧០លានដុល្លារ ខណៈបច្ចុប្បន្នសាងសង់បាន១៥ជាន់រួចទៅហើយនោះ។

លោកថាក្រុមហ៊ុន អារ៉ាខាវ៉ា ជាក្រុមហ៊ុនទី១ នៅកម្ពុជាដែលប្រើទុនវិនិយោគរបស់ក្រុមហ៊ុនទាំងស្រុង ក្នុងការសាងសង់ដោយមិនមែនជាថវិកាអតិថិជនហើយក៏ជាក្រុមហ៊ុនដំបូងគេនៅកម្ពុជាដែលអតិថិជនអាចទិញដោយពុំចាំបាច់បងប្រាក់កក់ ហើយងាចបង់រំលោះបានដោយមិនមានការប្រាក់ ពោលគឺអាចបង់ប្រចាំខែពី២៧៣ដុល្លារឡើងទៅ។ ដូច្នេះ ប្រជាពលរដ្ឋដែលមានចំណូល៦០០ដុល្លារឡើងទៅអាចទិញបានផ្ទះមួយជាប្រភេទស្ទូឌីយោឬផ្ទះមានពីរបន្ទប់ សម្រាប់រស់នៅប្រកបដោយផាសុកភាពនៅទីតាំងខាងលើគ្រប់ពេល ៕ ប្រាថ្នា


ចែករំលែក៖