ខេត្តកណ្តាល ៖ បងប្អូនប្រជាពលរដ្ឋចូលរួមពិធីប្រណាំងទូកនៅមាត់ទន្លេបាសាក់ក្រុង តាខ្មៅ យ៉ាងច្រើនកុះករ បន្ទាប់ពីរដ្ឋបាល ខេត្តកណ្តាលបានរៀបចំប្រារព្ធពិធីប្រណាំងទូកចាប់ផ្តើមដំណើរការរយៈពេល២ថ្ងៃ គឺនៅថ្ងៃ ទី១២-១៣ ខែតុលា ឆ្នាំ២០១៩ ក្រោមវត្តមាន លោកបណ្ឌិត ម៉ៅ ភិ រុណ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល និងលោក នួន ផា ប្រធានក្រុមប្រឹក្សាខេត្ត ។
ដើម្បីរក្សាសន្តិសុខសណ្តាប់ធ្នាប់ និងសុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងបងប្អូនប្រជាពលរដ្ឋកម្លាំងនគរបាលខេត្តកណ្តាល ជាង៣០០ នាក់ ត្រូវបាន លោកឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការនគរបាលខេត្ត និងកម្លាំងកងរាជអាវុធហត្ថចំនួន ១៧៩នាក់ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រីសំ តុលា មេបញ្ជាការកងរាជអាវុធហត្ថខេត្តកណ្តាល ។ កងកម្លាំងទាំងពីរបានបែងចែក ដាក់ពង្រាយកម្លាំងឈរជើងតាមគោលដៅសំខាន់ៗ ដើម្បីការពារយ៉ាងយកចិត្តទុកដាក់ដើម្បីធានាសុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងបងប្អូន ប្រជាពលរដ្ឋមកទស្សនា។
បើតាមការឲ្យដឹង ពីលោក គង់ សោភណ្ឌ អភិបាលរងខេត្តកណ្ដាល បញ្ជាក់ថា៖ រដ្ឋបាលខេត្តមានក្ដីរំពឹងទុកថា ក្នុងរយៈពេល ២ថ្ងៃ នៃពិធីប្រណាំងទូក នៅក្រុងតាខ្មៅ ខេត្តកណ្ដាល នឹងមានប្រជាពលរដ្ឋ អញ្ជើញ មកទស្សនាកំសាន្តសប្បាយរីករាយ ប្រមាណ៥០ ម៉ឺននាក់ ក្នុងពិធីប្រណាំងទូក នៅឆ្នាំនេះ ។ លោកបន្តទៀតថា៖ ពិធី ប្រណាំងទូក និងប្រព្រឹត្តទៅនៅថ្ងៃទី ១២-១៣ ខែតុលា នៅមាត់ទន្លេបាសាក់ ក្រុងតាខ្មៅ ខេត្តកណ្ដាល ហើយការ ប្រណាំងទូកនេះ រដ្ឋបាលខេត្តកណ្ដាល បាន រៀបចំជារៀងរាល់ឆ្នាំ ដោយមានការគាំទ្រ ពីប្រជាពលរដ្ឋ និងការ អញ្ជើញចូលរួម យ៉ាងច្រើនកុះករ ពីមួយ ឆ្នាំទៅមួយឆ្នាំ ។
ក្នុងពីធីប្រណាំងទូកនេះ ក៏មានការអញ្ជើញ ចូលរួមពីទូកមកពីខេត្តកំពង់ចាម និងទូកមក ពីរាជធានីភ្នំពេញ ក្នុងការប្រណាំងនេះផង ដែរ ។ ក្នុងឆ្នាំនេះមានទូកចំនួន ៦៣ទូក ក្នុង នោះមាន ទូកផ្កាចាចំនួន ១៨ទូក ,ទូកនារី ២ ទូក ,ទូកអន្តរជាតិ១៩ ទូក និងទូកង ចំនួន២៦ ទូក ។
ក្រៅពិធីប្រណាំងទូក រដ្ឋបាលខេត្តកណ្ដាល បានយកចិត្តទុកដាក់លើផ្នែក សន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ អនាម័យ បរិស្ថាន និង ការធ្វើចរាចរណ៍ឱ្យមានភាពងាយស្រួល ព្រមទាំងបានរៀបចំស្តង់តាំងពិពណ៌ ផលិតផលផ្សេងៗ មានការប្រគុំតន្ត្រី សម្ដែង ដោយតារាល្បីៗជាច្រើនដែល ដឹកនាំ ដោយ សមាគមសិល្បៈ ការបណ្ដែតប្រទីប បង្ហោះគោម និងបាញ់កាំជ្រួច អបអរសាទ ក្នុងពិធីប្រណាំងទូកនេះផងដែរ ៕ ស្អាង ជ័យ