ភ្នំពេញ ៖ បុរសបុរស២នាក់ជាជាមិត្តភក្តិនឹងគ្នាផឹកស៊ីជុំគ្នាពេលស្រវឹង ក៏ទាស់សម្តីគ្នារឿងហៅ «អា» និងរឿងចែកលុយគ្នារឿងដោះស្រាយរថយន្តអត់ពន្ធ រហូតឈ្លោះគ្នាផ្អើលពេញក្នុងហាងផឹកស៊ី រួចដកកាំភ្លើងគំរាមគ្នា ។
ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលនេះ ឡើងម៉ោង១២និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៩ នៅផ្លូវមាត់ទន្លេអូតែលសុខា កែងនឹងផ្លូវបេតុង ទល់មុខហាងផឹកស៊ីយីហោ«ប្អូនស្រី4141» សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា ភាគីដែលឈ្លោះប្រកែកគ្នា រវាងបុរសម្នាក់ឈ្មោះ ម៉ៅ បានឈ្លោះគ្នា ជាមួយបុរស២នាក់ទៀត ឈ្មោះ ណេង និងម្នាក់ទៀតឈ្មោះរក្ស ដែលពួកគាត់អះអាងថា សុទ្ធតែជាកងកម្លាំងដូចគ្នា និងត្រូវជាមិត្តភក្តិនឹងគ្នាទៀតផង ។
តាមសម្តីពីបុរសឈ្មោះម៉ៅ បានឲ្យដឹងថា មុនកើតហេតុ គឺពួកគាត់កំពុងអង្គុយហូបចុកសប្បាយជាមួយមិត្តភក្តិបងប្អូនគាត់នៅហាងកើតហេតុ។ លុះស្រវឹងក៏លេចមុខបុរសឈ្មោះ ណេង និងឈ្មោះរក្ស រួមទាំងមេបញ្ជាការរងប៉េអឹមខណ្ឌជ្រោយចង្វាម្នាក់ទៀត ជិះរថយន្ដមួយគ្រឿងម៉ាក TUNDRA ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2X-3130 មកឈប់នៅមុខហាង ។ មិត្តភក្តិទាំងបីនាក់នេះ ទើបនឹងចេញពីហូបចុកនៅហាងមួយកន្លែងនៅម្តុំជិតស្ពានជ្រោយចង្វា ក៏អង្គុយហូបចុកជុំគ្នាធម្មតា។
ប្រភពបន្តទៀតថា មួយសន្ទុះក្រោយ ស្រាប់តែបុរសឈ្មោះណេងបាននិយាយថា បុរសឈ្មោះ ម៉ៅ លួចហៅគាត់អាពីក្រោយខ្នង និងរំលឹករឿងចែកលុយគ្នាករណីដោះស្រាយរឿងរថយន្តអត់ពន្ធឲ្យគេ ដោយចែកគ្នាបានម្នាក់៩០០ដុល្លារ មានមេបញ្ជាការរងអាវុធហត្ថខណ្ឌជ្រោយចង្វាជួយធ្វើជាសាក្សីឲ្យខាងបុរសឈ្មោះ ណេង និងឈ្មោះ រក្ស ទៀត ធ្វើឲ្យគាត់ខឹងយ៉ាងខ្លាំង ក៏ប្រកែកថា មិនបាននិយាយទេ ទើបប៉ះទង្គិចពាក្យសម្តីគ្នា រហូតដល់មានការប្រតាយប្រតប់គ្នា បោកកែវគំរាម និងទាញកៅអីរកវាយគ្នា រហូតដល់ចង់ដកអាវុធបាញ់គ្នាទៀតផង បង្កជាការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋជិតខាង រាយការណ៍ទៅអាជ្ញាធរមូលដ្ឋានចុះអន្តរាគមន៍ភ្លាមៗផងដែរ ។
ខណៈដែលកម្លាំងអន្តរាគមន៍ខណ្ឌជ្រោយចង្វាចុះទៅដល់កន្លែងកើតហេតុ ភាគីខាងរថយន្តTUNDRA ក៏បានបើករថយន្តចេញទៅបាត់ នៅសល់តែភាគីបុរសឈ្មោះ ម៉ៅ បានបើករថយន្តចេញទៅដែរ ទៅដល់ផ្លូវកែវចិន្តា ជិតនឹងអូតែលសុខា ស្រាប់តែភាគីទាំងពីរឈប់ឈ្លោះគ្នាម្តងទៀត កាន់តែខ្លាំងជាងមុន បម្រុងនឹងដកកាំភ្លើងបាញ់គ្នាទៀត ដោយចោទប្រកាន់ថា «បើករថយន្តកៀរគ្នា» ។
ប្រភពប្រភពព័ត៌មានឲ្យទៀតថា ដើមហេតុដែលបង្កឲ្យមានជម្លោះនេះកើតឡើងដោយសារតែខឹងរឿងហៅអា តែរឿងវាមិនមែនជារឿងធំដុំនោះទេ រឿងដែលធ្វើឲ្យបុរសឈ្មោះម៉ៅ ខឹងខ្លាំងបែបនេះគឺមានរឿងផ្សេងទៀត នៅពីក្រោយរឿងហៅគ្នា អាម៉ឹង គឺរឿងដោះស្រាយរថយន្តអត់ពន្ធ ឲ្យបុរសឈ្មោះ ណេង ដែលពឹងពាក់គាត់ឲ្យជួយដោះស្រាយឲ្យរថយន្តគេផ្សេង បានសម្រេចបានលុយចែកគ្នា3នាក់ ម្នាក់900ដុល្លារ ត្រង់ចំណុចនេះគឺមានរឿងលាក់បាំងច្រើន) ដែលគាត់មិនបានបញ្ជាក់ឲ្យច្បាស់ទេ និងមានរឿងគុំគ្នាលាក់ក្នុងចិត្តជាច្រើនរឿងទៀត ទើបពេលស្រវឹង មានអ្នករំលឹក ក៏កើតជាជម្លោះតែម្តង។
បន្ទាប់ពីកើតហេតុ សមត្ថកិច្ចខណ្ឌជ្រោយចង្វា បានចុះទៅអន្តរាគមន៍នៅកន្លែងកើតហេតុហើយបានឲ្យភាគីទាំងពីរ មកដោយស្រាយគ្នានៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ជ្រោយចង្វា ភាគីខាងបុរសឈ្មោះណេង បានបើករថយន្តTUNDRA ខ្លួនមកប៉ុស្តិ៍នគរបាលចំណែកភាគីខាងបុរសឈ្មោះ ម៉ៅ បានបើករថយន្តគេចខ្លួនបាត់ ៕ ជ្រោយពេជ្រ