ប្រទេសហុគ្រី៖ នៅរសៀល ថ្ងៃទី ១៤ ខែ តុលា ឆ្នាំ ២០១៩ នៅពេលអញ្ជើញមកដល់សណ្ឋាគារស្នាក់នៅ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអញ្ជើញផ្តល់កិត្តិយសជួបជុំសំណេះសំណាលជាមួយកូនក្មួយនិស្សិតខ្មែរដែលកំពុងសិក្សានៅក្នុងប្រទេសហុងគ្រី (Hungary) ជាច្រើនរូប។ សម្តេចតេជោ សប្បាយរីករាយដែលបានយកពេលវេលាដ៏មានតម្លៃមកជួបកូនក្មួយនិស្សិតនៅទីនេះ។
សម្តេចតេជោនាយករដ្ឋមន្រ្តី បានកោតសរសើរដល់ក្មួយៗដែលបានមកបន្តការសិក្សានៅក្នុងប្រទេសដែលមានការរីកចម្រើនដូចជាប្រទេសហុងគ្រីនេះជាដើម។ តាមការសាកសួរពី សម្តេចតេជោ គឺមាននិស្សិតយើងមកពីខេត្តមួយចំនួនដូចជា: ស្វាយរៀង, បាត់ដំបង, កណ្តាល, រតនគិរី, បន្ទាយមានជ័យ, ភ្នំពេញ និង តាកែវ។ និស្សិតមួយចំនួនក្រោយពីចប់ការសិក្សាហើយក៏មានការងារធ្វើជាមួយក្រុមហ៊ុនផ្សេងៗនៅទីនេះតែម្តង។ ភាគច្រើននិស្សិតដែលមករៀននៅទីនេះគឺមានកម្រិត បរិញ្ញាប័ត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត ។ សម្តេចតេជោ បានគាំទ្រ និងលើកទឹកចិត្តដល់និស្សិតខ្មែរ អោយខិតខំរៀនសូត្រ គោរពច្បាប់ប្រទេសគេ ហើយបន្តសិក្សាអោយបានជ្រៅជ្រះ ប្រសិនបើជួបការលំបាកលើបញ្ហាអ្វីមួយក្នុងពេលសិក្សា គឺរាជរដ្ឋាភិបាលនឹងយកចិត្តទុកដាក់ដោះស្រាយជូនកូនក្មួយនិស្សិតគ្រប់ៗគ្នា ដូចជាចំណុចមួយដែលនិស្សិតស្រីម្នាក់បានលើកឡើងគឺប្រសិនបើសិក្សានៅក្រៅប្ររទេសហើយអស់បួកហើយ ហើយក្នុងកិច្ចសន្យា បើរៀនចប់ហើយត្រូវតែវិលត្រឡប់ទៅកាន់ប្រទេសវិញ។សម្តេចតេជោនឹងដោះស្រាយជូនមិនអោយកូនក្មួយនិស្សិតពិបាកទេក្នុងការសិក្សា បើកូនក្មួយត្រូវបន្តការសិក្សាយកថ្នាក់ខ្ពស់ថែមទៀតគឺមិនចាំបាច់វិលទៅប្រទេសវិញឡើយ គឺអាចនៅបន្តការសិក្សាបាន បើមានអាហារូបករណ៍សិក្សាបន្ត។
សម្តេចតេជោនាយករដ្ឋមន្រ្តី បានជម្រាបកូនក្មួយអំពីស្ថិរភាពនយោបាយ សង្គម សេដ្ឋកិច្ចដែលកំពុងជំរុញដល់ការរីកលូតលាស់នៃប្រទេសជាតិ។ ទន្ទឹមនឹងនេះ ចំណូលពន្ឋក៏មានការកើនឡើងគួរជាទីមោទនៈផងដែរ។
ឆ្លៀតក្នុងឱកាសនេះដែរ សម្តេចតេជោ ហ៊ុន សែន បានជម្រាបប្រាប់កូនក្មួយក៏ដូចជាមន្រ្តីរាជការអោយបានជ្រាបថា ចំពោះប្រាក់បៀរវត្សន៍អប្បបរិមាទោះបីឡើងដល់ណា ក៏រដ្ឋាភិបាលអត់យកពន្ឋដែរ ដូចជាប្រាក់ខែគ្រូបង្រៀនដែលឡើងពី ១លាន២សែន ទៅ ១លាន៣សែន គឺអត់យកពន្ឋទេ។ ក្រសួងសេដ្ឋកិច្ច នឹងប្រកាសក្នុងច្បាប់ហិរញ្ញវត្ថុជាផ្លូវការ។
សម្តេចតេជោ បានលើកបញ្ជាក់សារជាថ្មីជម្រាបដល់កូនក្មួយក៏ដូចជាពលរដ្ឋ ជាពិសេសកសិករអោយបានជ្រាបថា ល្គឹកណា គណបក្សប្រជាជនកម្ពុជា នៅតែឈ្នះឆ្នោត ហើយ សម្តេចតេជោ នៅតែបន្តដឹកនាំប្រទេសជាតិ គឺ ១)រាជរដ្ឋាភិបាលមិនយកពន្ឋលើដីស្រែចំការរបស់បងប្អូនប្រជាកសិករឡើយ។ ២)បៀវត្សអប្បបរិមា ទោះបីឡើងដល់ណាក៏អត់ជាប់ពន្ឋដែរ។
នៅក្នុងឱកាសនៃការសំណេះសំណាលនេះ សម្តេចតេជោ ហ៊ុន សែន បានឧបត្ថម្ភថវិកាលើកទឹកចិត្តដល់ក្មួយៗដែលបានអាហារូបករណ៍នៅហុងគ្រី អោយខិតខំសិក្សារៀនសូត្រ ធ្វើជានិស្សិតល្អ កូនល្អ ជាពលរដ្ឋល្អ និងជាធនធានល្អរបស់ប្រទេសជាតិ ។ សម្តេចតេជោ បានជូនពរអោយក្មួយៗជោគជ័យក្នុងជីវិតគ្រប់ៗគ្នា៕