ភ្នំពេញ៖ នៅរសៀលថ្ងៃច័ន្ទ ១រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៩ លោកស្រី កិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញដឹកនាំគណៈប្រតិភូអធិការកិច្ច និងមន្រ្ដីជាន់ជាន់ខ្ពស់ពាក់ព័ន្ធចំនួន ១២រូប ទៅបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៩ តបតាមការអញ្ជើញរបស់លោក ឡេ មិញខាយ (H.E Mr Le Minh Khai) អគ្គអធិការ (រដ្ឋមន្ត្រី) នៃអគ្គលេខាដ្ឋានអធិការកិច្ចរដ្ឋាភិបាលវៀតណាម នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។
តាមការបញ្ជាក់ឲ្យដឹងពី លោក ចាប សុថារិទ្ធិ រដ្ឋលេខាធិការក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច បានបញ្ជាក់ថា៖ គោលបំណងនៃដំណើរទស្សនៈកិច្ចនេះគឺជាការអនុវត្តអនុស្សារណៈយោគយល់ គ្នារវាងក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងអគ្គលេខាអធិការកិច្ចរដ្ឋាភិបាលវៀតណា បានចុះហត្ថលេខាតាំងពីឆ្នាំ២០០៥កន្លងមក ដើម្បីធ្វើការផ្លាស់ប្ដូបទពិសោធន៏ពីគ្នាទៅវិញទៅមក។ ម្យ៉ាងទៀតក៏ជាការបង្កើននូវទំនាក់ទំនងមិត្តភាព កិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរឲ្យកាន់តែមានភាពជិតស្និតបន្ថែមទៀត តាមរយៈការផ្លាស់ប្តូរបទពិសោធន៍លើការងារអធិការកិច្ច ការដោះស្រាយបណ្តឹងតវ៉ា បណ្តឹងបរិហារ និងការទប់ស្កាត់អំពើពុករលួយ ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍប្រទេសឲ្យកាន់តែមានភាពរីកចម្រើនបន្ថែមទៀត។
ក្នុងដំណើរទស្សនៈកិច្ចនេះ លោកស្រីកិត្តិសង្គហបណ្ឌិត គ្រោងនឹងអញ្ជើញគ្រូឧទ្ទេសនាមផ្នែកអធិការកិច្ចរបស់វៀតណាម មកធ្វើការបណ្តុះបណ្តាលនៅវិទ្យាស្ថានជាតិអធិការ កិច្ចរបស់ព្រះរាជាណាចក្រកម្ពុជា ដើម្បីបង្កើននូវចំណេះដឹងនិងបទពិសោធន៍ផ្នែកអធិការកិច្ច៕ សំរិត