ខេត្តបន្ទាយមានជ័យ៖ សពម្នាក់មិនស្គាល់អត្តសញ្ញាណ រថយន្តធុនត្រាមួយគ្រឿងរងការខូចខាត និងផ្ទះចំនួន១២គ្រួសាររួមទាំងទ្រព្យសម្បត្តជាច្រើនត្រូវឆាបឆេះអស់គ្មានសល់ដោយសារថយន្តកាមរីមួយគ្រឿងបុកម៉ូតូរម៉កកង់បីអូស ចូលផ្ទះលក់សាំង និងហ្គាសបណ្ដាលឲ្យឆាបឆេះកាលពីវេលាម៉ោង២៣,៣០នាទី ថ្ងៃទី១៤ ខែតុលា ឆ្នាំ ២០១៩នៅ មុខបុរីសុខស្រេង២ ក្នុងភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ។
ជនរងគ្រោះដែលស្លាប់នៅក្នុងគំនរភ្លើងឆេះដ៏សន្ទោសណ្តៅនេះ តាមការធ្វើកោសល្យវិច្ច័យរបស់សមត្ថកិច្ចបានឲ្យដឹងថា ជាមនុស្សស្រី តែមិនទាន់អាចកំណត់អត្តសញ្ញាណបានឡើយ ហើយសពត្រូវសមត្ថកិច្ចរក្សាទុករងចាំសាច់ញាតិផងដែរ ។
ក្រៅពីមនុស្សស្លាប់ម្នាក់ អគ្គិភ័យបានឆាបឆេះ ផ្ទះចំនួន១២គ្រួសារ រថយន្តម៉ាកកាម៉ារី ១គ្រឿង(រថយន្តបង្ក) រថយន្តម៉ាកធុនត្រា១គ្រឿង ម៉ូតូរ៉ឺម៉កកង់បី១គ្រឿង និងម៉ូតូឌ្រីមស៊េរីឆ្នាំ២០១៩ ចំនួន១គ្រឿង រួមទាំងទ្រព្យសម្បត្តិ សម្ភារជាច្រើនទៀតផងដែរ ។
ព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា ពេលកើតហេតុ រថយន្តកាម៉ារីសេរីឆ្នាំ៩៥ ពាក់ស្លាកលេខ ភ្នំពេញ 2E-7477 បើកបរពីទិសលិចទៅកើត ស្រាប់តែដល់ចំណុចកើតហេតុ បានបុកកៀរម៉ូតូរ៉ឺម៉កកង់បីលក់មីឆា ស្របទិសគ្នា បានជ្រុលចង្កូតឡើងលើឃឿនផ្លូវ ចូលផ្ទះលក់សាំង និងហ្គាសបណ្តាលឲ្យមានអគ្គិភ័យបង្កឡើងតែម្តង ។
ក្រោយពីអគ្គិភ័យឆាបឆេះ អាជ្ញាធរ សមត្ថកិច្ច បាននាំយករថយន្តពន្លត់អគ្គិភ័យនគរបាលក្រុងប៉ោយប៉ែត រថយន្តពន្លត់អគ្គិភ័យនគរបាលស្រុកអូរជ្រៅ និងរថយន្តពន្លត់អគ្គិភ័យកាស៊ីណូត្រូពីកាណា រួមទាំងកម្លាំងប្រជាពលរដ្ឋ រួមគ្នាបាញ់ពន្លត់អស់រយៈពេលប្រហែល២ម៉ោងក្រោយទើបពន្លត់បានជាស្ថាពរ ។
លោកគាត ហ៊ុលអភិបាលក្រុងប៉ោយប៉ែតបញ្ជាក់នៅព្រឹកថ្ងៃទី២៥ខែតុលាឆ្នាំ២០១៩នេះថាលោកកំពុងតែនៅកន្លែងកើតហេតុដើម្បីមកជួបម្ចាស់ផ្ទះរងគ្រោះដោយអគ្គិភ័យ និងស្រង់ទិន្នន័យការខូចខាត់តែពេលនេះម្ចាស់មិនទាន់ចេញមុឋមកអស់នៅឡើយបានតែបីគ្រួសារ ។
លោកថា ចំពោះករណីដែលអគីភ័យឹបឆេះនោះមិនមែនជាផ្ទះនោះទេព្រោះជាតូបដែលសល់ពីចំណីផ្លូវរថភ្លើងដែលពួកគាត់សង់តូបលក់ ហើយអាចស្នាក់នៅបានមិនមែនជាដីកម្មសិទ្ធិ ក្នុងករណីខាងលើសរុបចំនួនមាន១២គ្រួសារហើយមកទល់ពេលនេះ ម្ចាស់មិនទាន់ចេញមកប្រាប់អជ្ញាធរ ដើម្បីស្រង់ទិន្នន័យ ពេលនេះចេញមកតែបីគ្រួសារមកប្រាប់អាជ្ញាធរដែលគាត់ចេញមកប្រាប់ប៉ុន្តែយើងឃើញជាក់ស្ដែងនៅកន្លែងកើតហេតុបង្កដោយតថយន្តមួយគ្រឿងបុកម៉ូតូកង់បីអូសចូលផ្ទះលក់ហ្គាស់គេលក់បណ្ដាលឲ្យឆាបឆេះ ហើយមានសាកសពម្នាក់ដោយមើលមិនស្គាល់រកអត្តសញ្ញាណក៏មិនទាន់ឃើញដែរមិនដឹងថាជាអ្នករស់នៅកន្លែងកើតហេតុ ឬក៏អ្នកគ្រោះថ្នាក់ដោយចរាចរណ៌ ក្នុងនោះមានរថយន្តធុនត្រាមួយគ្រឿងក៏ត្រូវរងការខូចខាតដោយអគីភ័យរបស់ពលរដ្ឋដែលលក់ដូរនៅទីនោៈផងដែរ ។
គួរបញ្ជាក់ថា រដ្ឋបាលក្រុងប៉ោយប៉ែត ក៏បានធ្លាប់ចេញសេចក្តីជូនដំណឹងដើម្បីឲ្យប្រជាពលរដ្ឋដែលមានមុខរបរលក់សាំង និងហ្គាស មិនឲ្យមានការដាក់តាំងលក់ នៅលើចិញ្ចើមផ្លូវ និងតាមផ្ទះល្វែង ឬតាមតូបជាប់ៗគ្នាឡើយ ត្រូវរកទីតាំងឲ្យបានធំសមរម្យល្អ ។ តែសេចក្តីជូនដំណឹងរបស់រដ្ឋបាលក្រុងប៉ោយប៉ែត ពុំមានប្រសិទ្ធភាព និងពុំមានវិធានការទប់ស្កាត់ឡើយ ។ គេសង្កេតឃើញថា ក្រុងប៉ោយប៉ែត មានកន្លែងលក់សាំង និងហ្គាសជាច្រើនកន្លែង ដែលមិនទាន់បានអនុលោមទៅតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលក្រុងប៉ោយប៉ែត រួមទាំងកន្លែងដែលមានអគ្គិភ័យឆាបឆេះហើយនោះ ក៏នៅតែដាក់លក់បន្ត កត្តាទាំងនេះហើយ ដែលធ្វើឲ្យប្រជាពលរដ្ឋដែលរស់នៅក្បែរកន្លែងលក់សាំង និងហ្គាសទាំងនោះមានការព្រួយបារម្ភ ពីគ្រោះថ្នាក់អគ្គិភ័យកើតឡើងគ្រប់ពេលវេលាផងដែរ ៕ នឹម វណ្ណា