ព័ត៌មានទាន់ហេតុការណ៍៖

មនុស្សប្រុស-ស្រី៦នាក់រងរបួសធ្ងន់ និងស្រាល ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្តបុករថយន្តនៅស្រុកសន្ទុក

ចែករំលែក៖

ខេត្តកំពង់ធំ៖ គ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយរថយន្តបុករថយន្ត ក្នុងទឹសដៅផ្ទុយគ្នា បណ្ដាលឲមនុស្សប្រុស-ស្រី៦នាក់រងរបួសធ្ងន់ និងស្រាល និងខូចខាតរថយន្ត០២គ្រឿង ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១៥ និង ០៥នាទី ថ្ងៃចន្ទ ១រោច ខែអស្សុជ ឆ្នាំកុរ ឯកស័កព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៩ នៅលើផ្លូវជាតិលេខ ៦ ចន្លោះគីឡូម៉ែត្រលេខ១៤៦-១៤៧ ភូមិសាលាសន្ទុក ឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ ។

សមត្ថកិច្ចបានឲ្យដឹងថា រថយន្តម៉ាកស៊ីណា ពណ៌ស ផ្លាកលេខភ្នំពេញ 2AB 9327 បើកបរទឹសដៅពីជើងទៅត្បូង ដោយឈ្មោះ ទុយ សុផារត័្ន ភេទស្រី អាយុ ២៧ឆ្នាំ រស់នៅផ្ទះលេខ៦៨ ផ្លូវ១៨ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ នាំខ្លួនទៅអធិការដ្ឋាននគរបាលស្រុកសន្ទុក មុខរបរលក់គ្រឿងសំអាង អ្នករួមដំណើរចំនួន០២នាក់ ១/-ឈ្មោះផេង យ៉ាសិដ្ឋ ភេទប្រុស អាយុ ២៥ឆ្នាំ រស់នៅសង្កាត់អូរឫស្សី ខណ្ឌ៧មករា រាជធានីភ្នំពេញ(របួសស្រាល)(មុខរបរអាជីវករ) ។ ២/-ឈ្មោះធី សុធា ភេទប្រុស អាយុ ២១ឆ្នាំ រស់នៅភូមិអាចារ្យលាក់ សង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ (របួសស្រាល)(បុគ្គលិកសណ្ឋាគារ) ។

ចំណែក រថយន្តម៉ាកកាមរី (ឆ្លាម) ពណ៌ប្រផេះ ផ្លាកលេខភ្នំពេញ2O.6719(បើកបរទឹសដៅពីត្បូងទៅជើង) ដោយឈ្មោះម៉ែន សាលី ភេទប្រុស អាយុ ៤៣ឆ្នាំ រស់នៅភូមិព្រៃបន្លិច សង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ (របួសធ្ងន់)(មុខរបរបើកបររថយន្តឈ្នួល) អ្នករួមដំណើរឈ្មោះចំនួន០២នាក់ : ១/-ឈ្មោះសូ សុវណ្ណនី ភេទស្រី អាយុ ៤១ឆ្នាំ រស់នៅភូមិទី១ សង្កាត់កំពង់ធំ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ (របួសធ្ងន់)(មេផ្ទះ) ។ ២/-ឈ្មោះចិន ស្រីស ភេទស្រី អាយុ ២៧ឆ្នាំ រស់នៅភូមិបាក់ក្រោម ឃុំរបៀប ស្រុករវៀង ខេត្តព្រះវិហារ (របួសស្រាល) ។

មូលហេតុបង្កឡើងដោយអ្នកបើកបររថយន្តម៉ាកស៊ីណា ឈ្មោះទុយ សុផារត័្ន បើកបររថយន្តបត់ឆ្វេងខ្ជីខ្ជារខ្វះការប្រុងប្រយ័ត្ន ។

ក្រោយកើតហេតុសមត្ថកិច្ចបានវាស់វែងធ្វើកំណត់ហេតុ និងបញ្ជូនអ្នករបួសទៅមន្ទីរពេទ្យដើម្បីសង្គ្រោះ ចំណែកវត្ថុតាងបានប្រមូលយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកសន្ទុក រង់ចាំរកដំណោះគ្នាជាក្រោយ ៕ ប៊ុនរិទ្ធី


ចែករំលែក៖