ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តកាមរីបាឡែន បើកបុកម៉ូតូមួយគ្រឿងបណ្ដាលឲ្យខ្ទេចអស់ ព្រមទាំងធ្វើឲ្យបុរសម្នាក់ស្លាប់

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់បានស្លាប់ភ្លាមៗនៅនិងកន្លែង ក្រោយពីជិះម៉ូតូមួយគ្រឿងតែម្នាក់ឯង ត្រូវរថយន្តកាមរីបាឡែនបើកបុកក្នុងទិសដៅបញ្ច្រាស់គ្នាយ៉ាងពេញទំហឹង កាលពីវេលាម៉ោង២ និង៤០នាទីរំលងអធ្រាត ឈានចូលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៩ នៅតាមបណ្ដោយផ្លូវ៣៧១ ក្នុងសង្កាត់ចាក់អង្រែលើ  ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

សពជនរងគ្រោះមានឈ្មោះ ប៉ែន លីដា អាយុ៣១ឆ្នាំ មុខរបរជាមន្ត្រីកងរាជអាវុធហត្ថ មានស្រុកកំណើតនៅភូមិតាដៃ ឃុំជ្រៃលាស់ ស្រុកពញ្ញាឬ ខេត្តកណ្ដាល ។

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលនៅក្បែរកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាក QBIK ពណ៌ស ពាក់ស្លាកភ្នំពេញ 1GZ-0719 បានធ្វើដំណើរតាមបណ្ដោយផ្លូវ៣៧១ ទិសដៅពីលិចទៅកើត ខណៈពេលនោះក៏មានរថយន្តមួយគ្រឿងម៉ាក កាមរីបាឡែន ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AC-8136 បានធ្វើដំណើរបញ្ច្រាស់គ្នាក្នុងល្បឿនយ៉ាងលឿន ហើយក៏ជ្រុលចង្កូតទៅបុកម៉ូតូរងគ្រោះចំពីមុខយ៉ាងពេញទំហឹង បណ្ដាលឲ្យបុរសម្នាក់ស្លាប់ៗនៅនិងកន្លែង រីឯម៉ូតូខ្ទាត់ឆ្ងាយពីសពជនរងគ្រោះជាង២០ម៉ែត្រ ។

ក្រោយកើតហេតុភ្លាមៗ ម្ចាស់រថយន្តបង្កបានព្យាយាមបើករត់រហូតបំណងយកទៅល័ក្ខនៅផ្សារPC ទើបសមត្ថកិច្ចដេញឃាត់បាន តែម្ចាស់គេចខ្លួនបាត់ ។

បន្ទាប់មក សមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌមានជ័យ បានសហការជាមួយជំនាញចរាចរណ៍ក្រុង ធ្វើការវាស់វែងយករថយន្តនិងម៉ូទូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយតាមនីតិវិធី ។  ដោយឡែកសពជនរងគ្រោះ សមត្ថកិច្ចបានធ្វើកំណត់ហេតុប្រគល់ឲ្យសាច់ញាត់ ដឹកយកទៅធ្វើបុណ្យតាមប្រពៃណី៕ ភារ៉ា ដង្កោ


ចែករំលែក៖