ប្រទេសហុងគ្រី៖ នៅរសៀលថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៩នេះសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម ជេណូស អាឌឺ (Janos ADER) ប្រធានាធិបតី នៃសាធារណរដ្ឋហុងគ្រី ដែលធ្វេីឡេីងនៅវិមានប្រធានាធិបតី Sándor Palace។
ក្នុងជំនួបនេះ ឯកឧត្តមប្រធានាធិបតីហុងគ្រី បានមានប្រសាសន៍ថា ឯកឧត្តមពិតជាអរគុណចំពោះការអញ្ជើញឯកឧត្តម ពីព្រះករុណាព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការអញ្ជើញ ឯកឧត្តមទៅបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជា ហើយឯកឧត្តមពិតជារីករាយក្នុងការទទួលនៅការអញ្ជើញនោះ។ ឯកឧត្តម បានមានប្រសាសន៍ថា ឯកឧត្តមនឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅក្នុងប្រទេសកម្ពុជានៅក្នុងចុងខែតុលាខាងមុខនេះ។ ឯកឧត្តមក៏បានមានប្រសាសន៍ថា ឯកឧត្តមបានស្ដាប់ដោយយកចិត្តទុកដាក់នូវសង្កថារបស់សម្ដេចតេជោនាយករដ្ឋមន្ត្រីកាលពីព្រឹកមិញនៃកិច្ចប្រជុំកំពូលស្ដីពីទឹក ដែលធ្វើឡើងនៅប្រទេសហុងគ្រីនេះ។
សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានអរគុណចំពោះ ឯកឧត្តមប្រធានាធិបតីហុងគ្រី និងអរគុណដល់រដ្ឋាភិបាលហុងគ្រីដែលបានអញ្ជើញ សម្ដេចមកចូលរួមនៅក្នុងកិច្ចប្រជុំស្ដីអំពីបញ្ហាទឹកនៅប្រទេសហុងគ្រីនាពេលនេះ។ ក្នុងជំនួបនោះផងដែរ សម្តេចតេជោក៏បានពិភាក្សាជាមួយ ឯកឧត្តមប្រធានាធិបតីហុងគ្រី ទាក់ទងទៅនឹងបញ្ហានៃការគ្រប់គ្រងទឹកផងដែរ ដែលជាប្រធានបទសំខាន់នៅក្នុងកិច្ចប្រជុំដែលធ្វើឡើងកាលពីព្រឹកមិញនេះ។ សម្ដេចតេជោក៏បានគូសបញ្ជាក់ថា ដោយសារតែបញ្ហាទឹកនេះគឺជាបញ្ហាសំខាន់មួយរបស់ប្រទេសកម្ពុជា ហើយកាលពីពេលថ្មីៗកន្លងទៅនេះ កម្ពុជាក៏បានបាត់បង់នូវអគ្គិសនីប្រើប្រាស់ដោយសារតែបញ្ហានៃការខ្វះទឹកនេះផងដែរ ជាពិសេសវារីអគ្គិសនីដែលយើងមិនមានទឹកគ្រប់គ្រាន់ក្នុងការបញ្ចេញនូវថាមពលអគ្គិសនី។
សម្ដេចតេជោ ក៏បានមានប្រសាសន៍ទាក់ទងទៅនឹងកិច្ចសហប្រតិបត្តិការជាមួយនឹងហុងគ្រីផងដែរ ជាពិសេសនៅក្នុងដំណើរអញ្ជើញបំពេញទស្សនកិច្ចរបស់ឯកឧត្តមប្រធានាធិបតីហុងគ្រីទៅកាន់ប្រទេសកម្ពុជានាពេលខាងមុខ ។ ហើយសម្ដេចបានមានប្រសាសន៍បញ្ជាក់ថា នៅពេលនោះ ឯកឧត្តមនឹងបានឃើញជាក់ស្ដែងនូវស្ថានភាពរបស់ប្រទេសកម្ពុជា ដូចជាបានទៅទស្សនានូវសម្បត្តិបេតិកភណ្ឌរបស់កម្ពុជាគឺប្រាសាទអង្គរវត្ត។
នៅក្នុងជំនួបនេះ សម្ដេចតេជោក៏បានលើកឡើងអំពីចំណុចពាក់ព័ន្ធទៅនឹងរឿង EBA ផងដែរ ដោយសម្ដេចបានស្នើឱ្យឯកឧត្តមប្រធានាធិបតី បន្តគាំទ្រដល់កម្ពុជា ជាមួយនឹងសហភាពអឺរ៉ុប ហើយអ្វីដែលដែលកម្ពុជាចង់បាននោះ គឺចង់ឲ្យសហភាពអឺរ៉ុបមានដំណើរការ និងប្រព្រឹត្តទៅដោយយុត្តិធម៌សម្រាប់ប្រទេសកម្ពុជា។ ក្នុងចំណុចនេះ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានគូបញ្ជាក់ពីចំណុចសំខាន់នៃការកសាងភាពជាដៃគូយុទ្ធសាស្ត្ររវាងសហភាពអឺរ៉ុប និងអាស៊ានផងដែរ។ សម្ដេចតេជោក៏បានមានប្រសាសន៍លើកឡើងអំពីការផ្ដល់អាហារូបករណ៍ដល់និស្សិតកម្ពុជាដែលកំពុងសិក្សានៅប្រទេសហុងគ្រី ដែលបច្ចុប្បន្ននេះគឺមានចំនួន៣៨នាក់ដែលពួកគេបាន និងកំពុងបន្ត និងខ្លះបញ្ចប់ការសិក្សា។
ឯកឧត្តមប្រធានាធិបតីហុងគ្រី បានមានប្រសាសន៍ថា ហុងគ្រី គឺជាមិត្តមួយរបស់ប្រទេសកម្ពុជា។ ឯកឧត្តមបានបន្តទៀតថា រដ្ឋាភិបាលហុងគ្រីនៅតែបន្តគាំទ្រដល់កម្ពុជា ជាពិសេសការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ។ ហើយជាពិសេសទាក់ទងទៅនឹងបញ្ហា EBA នេះហុងគ្រី នឹងបន្តគាំទ្រដល់កម្ពុជាជាបន្តទៀត។ ហើយទាក់ទងទៅនឹងការផ្ដល់អាហារូបករណ៍ដល់និស្សិតកម្ពុជានោះ ឯកឧត្ដមប្រធានាធិបតី ហុងគ្រី នឹងបន្តស្វាគមន៍ដល់និស្សិតកម្ពុជាជាបន្តទៀតដើម្បីមកសិក្សានៅប្រទេសហុងគ្រីជាបន្តបន្ទាប់ទៀតបន្ទាប់ទៀត។
ទាក់ទងទៅនឹងកិច្ចប្រជុំស្ដីអំពីបញ្ហាទឹក ឯកឧត្តមប្រធានាធិបតីហុងគ្រី ពិតជាអរគុណជាអនេកចំពោះ សម្ដេចតេជោ ហ៊ុន សែន ដែលបានចែករំលែកនូវបទពិសោធន៍ ដូចជាស្ថានភាពជាក់ស្ដែងរបស់កម្ពុជា ហើយឯកឧត្តមសង្ឃឹមថា នៅពេលដែល ឯកឧត្តម អញ្ជើញទៅបំពេញទស្សនកិច្ចនៅកម្ពុជា ឯកឧត្តម នឹងមានពេលវេលាគ្រប់គ្រាន់ក្នុងការជជែកពិភាក្សាជាមួយសម្ដេចតេជោ ក្នុងការពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ៕