ព័ត៌មានទាន់ហេតុការណ៍៖

ស្លាប់បីនាក់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ រថយន្តបុកម៉ូតូ

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់ស្រវឹងស្រាជោកជាំ បើករថយន្តបង្កមួយគ្រឿងក្នុងល្បឿនយ៉ាងលឿនដូចហោះ មកបុកម៉ូតូស៊ុយសុគីនិចចំពេញទំហឹងបណ្តាល ឲ្យស្លាប់ចំនួន៣នាក់ និងអូសម៉ូតូជាង100ម៉ែត្រ ចំណែកឯអ្នកបើកបររថយន្តត្រូវបានសមត្ថកិច្ចឃាត់ខ្លួនយកទៅអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វា ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១ និង៣៥នាទី រំលងអធាត្រ ឈានចូលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៩ តាមបណ្តោយផ្លូវជាតិលេខ៦ នៅចំណុចមុខ

ធនាគារកាណាឌីយ៉ា ស្ថិតនៅក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា ។

អ្នកបើកបររថយន្តមានឈ្មោះ សយ ច័ន្ទរស្មី ភេទប្រុស អាយុ៣២ឆ្នាំ កន្លែងស្នាក់នៅ និងស្រុកកំណើត ផ្ទះលេខ៤៣ ផ្លូវលំ ភូមិបុរី១០០ខ្នង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។

តាមប្រភពព័ត៌មានពីសាក្សីដែលឃើញហេតុការណ៍ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញយុវជនចំនួន៣នាក់ ជិះម៉ូតូមួយគ្រឿងម៉ាកស៊ុយសុគីនិច ពណ៌ក្រហម លាយស ពាក់ស្លាកលេខ ភ្នំពេញ 1CD-1056 បើកបរតាមបណ្តោយផ្លូវជាតិលេខ៦ ក្នុងទិសដៅពីជើងទៅត្បូង ពលបើកមកដល់ចំណុចកើតហេតុ ត្រូវរថយន្តមួយគ្រឿងម៉ាកតាកូម៉ាពណ៌ស មួយបាំងកន្លះ ពាក់ស្លាកលេខ ភ្នំពេញ 2D-9447 បើកបរតាមបណ្តោយផ្លូវជាតិលេខ៦ហើយទិសដៅស្របទិសដៅគ្នា បើកក្នុងល្បឿនយ៉ាងលឿនដូចហោះ សង្ស័យស្រវឹងស្រា ហើយងងុយដេកបានរេចង្កូតទៅបុកគូទម៉ូតូស៊ុយសុគីនិច ចំពេញទំហឹងតែម្តង បណ្តាលឲ្យអូសទាំងជនរងគ្រោះ២នាក់ និងម៉ូតូចម្ងាយ១០០ម៉ែត្រ ហើយធ្លាក់ជនរងគ្រោះម្នាក់ទៀត ប្រហែលជា៥០ម៉ែត្របណ្តាលឲ្យបែកក្បាលស្លាប់ទាំង៣នាក់តែម្តង រីឯរថយន្តរងការខូចខាតអស់មួយកំណាត់ខាងមុខ និងផ្ទុះពោង ឯម្ចាស់រថយន្តបង្កបានព្យាយាមចុះចេញពីរថយន្ត ហើយរត់គេចខ្លួន ប៉ុន្តែត្រូវបានអ្នករត់កង់បី និងសមត្ថកិច្ចឃាត់ខ្លួនយកទៅអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វា ដើម្បីធ្វើការសួរនាំ ចំណែកឯសពជនរងគ្រោះទាំង៣នាក់វិញ សមត្ថកិច្ចមិនទាន់រកអត្តសញ្ញាណឃើញនៅឡើយ ។

ក្រោយពេលកើតហេតុរថយន្ត និងម៉ូតូត្រូវបានសមត្ថកិច្ចវាស់វែងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក រីឯសពជនរងគ្រោះត្រូវបានយកទៅដំកល់នៅឯវត្តទឹកថ្លា រង់ចាំសាច់ញាតិមកទទួលយកទៅធ្វើបុណ្យ ទៅតាមប្រពៃណព្រះពុទ្ធសាសនា ៕ ធឿនព្រែកជ័យ


ចែករំលែក៖