ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ទំនងជាស្រវឹងស្រាបានបើករថយន្តយ៉ាងលឿន រេចង្កូតជ្រុលទៅបុករបងផ្ទះប្រជាពលរដ្ឋ

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់ទំនងជាស្រវឹងស្រាបានបើករថយន្តយ៉ាងលឿន រេចង្កូតជ្រុលទៅបុករបងផ្ទះប្រជាពលរដ្ឋ ។

ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោង ១១យប់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៩ នៅចំណុចផ្ទះអត់លេខ ក្បែរចក្រចូលប៉ុស្តិ៍នគរបាលរដ្ឋបាលគោកឃ្លាង ស្ថិតតាមបណ្ដោយផ្លូវបេតុងភូមិដីថ្មី សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញបុរសម្នាក់បើកបររថយន្តមួយគ្រឿងម៉ាក តូយ៉ូតា តាកូម៉ា ពណ៌ស ពាក់ស្លាកលេខ សៀមរាប 2B-4447 ធ្វើដំណើរតាមបណ្តោយផ្លូវបេតុងក្នុងទិសដៅពីត្បូងទៅជើង យ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុ បានរេចង្កូត ជ្រុលទៅបុករបងផ្ទះប្រជាពលរដ្ឋដែលជារបងស័ង្កសី បណ្តាលឲ្យដួលបាក់ជាច្រើនម៉ែត្រ។ ចំណែកឯរថយន្តបង្កបានរងការខូចខាត ក្រពឹតកាងក្រពឹតផ្នែកខាងមុខបន្តិចបន្តួច មិនបង្កឲ្យមាននរណាម្នាក់រងរបួសនោះទេ ភ្លាមៗនោះអ្នកបើកបររថយន្តបានចុះពីរថយន្ដរួចគេចខ្លួន ចេញពីកន្លែងកើតហេតុបាត់។

បន្ទាប់ពីកើតហេតុមានដំណាងភាគីខាងរថយន្តបង្ក បានមកដោះស្រាយដោយភាគីទាំងពីរ មិនចង់មានរឿងរ៉ាវវែងឆ្ងាយ ក៏ព្រមសម្របសម្រួលគ្នាដោយភាគីខាងរថយន្តបង្កបានចេញសំណងចំនួន១០០ដុល្លារ ឲ្យទៅភាគីខាងម្ចាស់ផ្ទះ ដើម្បីបញ្ចប់រឿងនៅនិងកន្លែងកើតហេតុ ៕ ជ្រោយពេជ្រ


ចែករំលែក៖