ខេត្តបន្ទាយមានជ័យ៖ ជនសង្ស័យម្នាក់ដែលជាអតីតសមាជិកគណបក្សសង្រ្គោះជាតិនិងបច្ចុប្បន្នជាគ្រូបង្រៀននៅវិទ្យាល័យភ្នំធំ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យដែលបានទទួលផែនការពីអតីតសមាជិករដ្ឋសភាមកពីអតីតគណបក្សសង្រ្គោះជាតិ ដើម្បីផ្សព្វផ្សាយព័ត៌មានក្លែងក្លាយបង្ហោះតាមហ្វេសប៊ុកវាយប្រហាររាជរដ្ឋាភិបាលកម្ពុជានិងជេរប្រមាថសម្តេចតេជោសែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងអូសទាញប្រជាពលរដ្ឋចូលរួមគាំទ្រទណ្ឌិត សម រង្សី ធ្វើរដ្ឋប្រហារផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជាស្របច្បាប់ ត្រូវបានកម្លាំងនគរបាលខេត្តបន្ទាយមានជ័យចាប់ឃាត់ខ្លួនយកទៅផ្តន្ទាទោសតាមច្បាប់ ។ ក្រោយជនសង្ស័យរូបនេះបានសរសេរនិងស៊ែព័ត៌មានក្លែងក្លាយជាបន្តបន្ទាប់បង្ហោះតាមហ្វេសប៊ុកដែលមាខ្លឹមសារញុះញង់ប្រជាពលរដ្ឋក្រោកឡើងតវ៉ាប្រឆាំងរាជរដ្ឋាភិបាលកម្ពុជាស្របច្បាប់ ។
ជនសង្ស័យឈ្មោះ ហ៊ន់ រ៉ូ ភេទប្រុស អាយុ៣៤ឆ្នាំ ប្របកមុខរបរគ្រូបង្រៀន រស់នៅភូមិភ្នំតូចជើង ឃុំភ្នំតូច ស្រុកមង្គលបូរី ត្រូវបានកម្លាំងនគរបាលផែនការការងារព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យចាប់ឃាត់ខ្លួនកាលពីថ្ងៃទី២០ ខែតុលាឆ្នាំ២០១៩ ។ ជសង្ស័យត្រូវបានបញ្ជូនមកឃុំខ្លួនបណ្តោះអាសន្ននៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យរងចាំកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការដើម្បីចាត់ការតាមផ្លូវច្បាប់ ។ នៅព្រឹកថ្ងៃទី២១ ខែតុលា ជនសង្ស័យត្រូវបានព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យ លោក មាស ច័ន្ទពិសិដ្ឋ និងស្នងការនគរបាល ខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ទោអាត់ ខែម បានសាកសួរផ្ទាល់ទៅលើជនសង្ស័យ ។
ជនសង្ស័យឈ្មោះហ៊ន់ រ៉ូ ក៏បានសាររភាពឱ្យដឹងថារូបគេបានទំនាក់ទំនងយ៉ាងជិតស្និតជាមួយថ្នាក់ដឹកនាំរបស់អតីតគណបក្សសង្រ្គោះជាតិមានឈ្មោះ សរ ចាន់ដេត ដែលជាអតីតសមាជិករដ្ឋសភា បានដាក់ផែនការមករូបគេឱ្យសរសេរនិងស៊ែព័ត៌មានក្លែងក្លាយបង្ហោះតាមហ្វេសប៊ុកដើម្បីវាយប្រហារចោទប្រកាន់រាជរដ្ឋាភិបាលកម្ពុជាក្នុងគោលបំណងញុះញង់ឱ្យប្រជាពលរដ្ឋខ្មែរអស់ជំនឿទុកចិត្តលើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជាហើយឱ្យដើរអូសទាញយុវជនចូលរួមប្រឆាំងរាជរដ្ឋាភិបាលកម្ពុជាផងដែរ ។
ជនសង្ស័យឈ្មោះ ហ៊ន់ រ៉ូ ក៏បានឆ្លើយសារភាពទៀតថារូបគេប្រើប្រាស់អាខោនហ្វេសប៊ុកឈ្មោះ (ចម្ប៉ាព្រៃនគរ) ដើម្បីសរសេរនិងស៊ែរព័ត៌មានក្លែងក្លាយបង្ហោះតាមហ្វេសប៊ុកក្នុងការប្រើប្រាស់ជាមធ្យោបាយសម្រាប់វាយប្រហាររាជរដ្ឋាភិបាលកម្ពុជានិងបានប្រើប្រាស់page ហ្វេសប៊ុកមួយចំនួនទៀត ។ ជនសង្ស័យសារភាពទៀតថារូបគេត្រូវបានក្រុមឧទ្ទាមក្រៅច្បាប់អូសទាញឱ្យចូលជាសមាជិគណបក្សសង្រ្គោះជាតិដោយសន្យាបើសិនគណបក្សសង្រ្គោះជាតិឈ្នះឆ្នោតនិងតំឡើងប្រាក់ខែគ្រូបង្រៀនកាន់តែច្រើនមិនតែប៉ុណ្ណោះបានសន្យាឱ្យឡើងធ្វើជាអ្នកធំផងដែរ ។
ជនសង្ស័យឈ្មោះ ហ៊ន់ រ៉ូ ក្រោយឆ្លើយសារភាពចំពោះមុខលោកស្នងការនគរបាលខេត្តនិងលោកព្រះរាជអាជ្ញាអមសាលាដបូងខេត្តបន្ទាយមានជ័យរួចហើយត្រូវបានកម្លាំងនគរបាលកសាងសំណុំរឿងដើម្បីចាត់ការតាមផ្លូវច្បាប់ ៕ សំ វិច្ឆិកា