ព័ត៌មានទាន់ហេតុការណ៍៖

ខឹងសុំទិញដីមិនបាន ថៅកែដីល្បីឈ្មោះ យកគ្រឿងចក្រកាយដល់ព្រំដីតែម្តង ជាការព្រមាន

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ ថៅកែកាយខ្សាច់ដ៏មាន អំណាចប្រចាំស្ទឹងស្លាគូបានប្រើកូនចៅយកគ្រឿងចក្រទៅកាយបកដីយកខ្សាច់ដល់ព្រំដីស្រែរបស់ប្រជាពលរដ្ឋមួយរូប បន្ទាប់ពីចរចាសុំទិញមិនបានរួចមក ។

សកម្មភាពរនេះ កើតឡើងកាលពីព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៩ នៅចំណុចខាងលិចចំការដូង ភូមិត្រពាំងឈូក ឃុំពោធិអង្រ្គង ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ។

ម្ចាស់ដីស្រែត្រូវបានស្គាល់ ឈ្មោះ គឿន ប្តីឈ្មោះ ខុម រស់នៅភូមិ ឃុំ ខាងលើ ។

បើតាមប្រជាពលរដ្ឋរាយការណ៍ គឺកាលពីព្រឹក ថៅកែសុខបានឲ្យកូនចៅរបស់ខ្លួន យកគ្រឿងចក្រទៅកាយយកខ្សាច់ នៅជិតចំណុចខាងលើ ជាដីដែលទិញហើយ (ជាប់ស្រែ គឿន និង ខុម ) លុះកាយដល់ព្រំដីរបស់ឈ្មោះ គឿន និងខុម រួចមកថៅកែរូបនោះ បានបញ្ជាឲ្យកូនចៅកាយ រហូតដល់ភ្លឺស្រែរបស់អ្នកទាំង២តែម្តង ។

សេចក្តីរាយការណ៍បន្តថា បន្ទាប់ពីឃើញសកម្មភាពដូច្នេះ ម្ចាស់ស្រែបានទៅឃាត់ តែគេមិនបានឈប់នោះទេ គឺនៅតែបន្តកាយកៀកជាប់ ហើយបាក់ភ្លឺស្រែរបស់គាត់ទាំង២នាក់ទៀតផង ។

ដោយឃើញសកម្មភាពគឃ្លើនរបស់កូនចៅ ថៅកែ សុខ នៅតែព្រហើនបែបនេះ ម្ចាស់ស្រែបានរត់ទៅហៅមេភូមិឲ្យមកជួយអន្តរាគមន៍ តែហាក់ដូចអត់ប្រយោជន៍ ព្រោះគេមិនបានខ្លាច និងស្តាប់សំដីរបស់មេភូមិឡើយ ។

សេចក្តីរាយការណ៍បន្តទៀតថា ទាល់តម្រិះ មេភូមិបានត្រឹមប្រាប់ម្ចាស់ស្រែថា យកមុងភួយមកដេកចាំការពារតែម្តងទៅ ដើម្បីកុំឲ្យគេកាយចូលដីរបស់យើង ។

ទោះជាយ៉ាងណា សកម្មភាពនៃការកាយបកយកខ្សាច់របស់ថៅកែ សុខ ក្នុងទឹកដីខេត្តកំពង់ស្ពឺនេះ គឺធ្វើឡើងដោយអាងអំណាច យោធាតែម្តង គេមិនខ្លាចអ្នកណាឡើយ កុំថាឡើយជំនាញ ។

បើតាមសាច់ញាតិរបស់ម្ចាស់ស្រែបាននិយាយថា ដីដែលគេកាយមកកៀកដល់ភ្លឺស្រែរហូតបាក់ដីទៅនេះ មានទំហំ៦០អា ម្ចាស់គ្មានគំរោងលក់នោះទេ គឺទុកធ្វើស្រែសម្រាប់កូនចៅទៅថ្ងៃក្រោយ ។

កន្លងមកថៅកែ សុខ ធ្លាប់បានចរចាសុំទិញដែរ តែម្ចាស់គាត់មិនព្រមលក់ នៅពេលដែលមានឱកាសទិញស្រែដែលមានព្រំជាប់គ្នាបានហើយ ទើបគេក៏ឆ្លៀតឱកាសធ្វើសកម្មភាពកាយរហូតដល់ព្រំបែបនេះតែម្តង ដើម្បីឲ្យម្ចាស់ភ័យខ្លាច (គឿន និងខុម) រឿងបាក់ដីធ្វើស្រែមិនកើតហើយព្រមលក់ឲ្យខ្លួន ។

មានការលើកឡើងទៀតថា ការធ្វើបែបនេះ ជាទម្លាប់របស់ក្រុមឈ្មួញ រកស៊ីកាយ និងលក់ដីទៅហើយ គេធ្វើរបៀបនេះ គឺដើម្បីទិញបានថោក ព្រោះខ្លាចបាក់ដីធ្វើស្រែមិនកើត ។

ពាក់ព័ន្ឋករណីនេះដែរ លោក ឈឺន សុធន់ អភិបាលស្រុកបសេដ្ឋបានប្រាប់តាមទូរស័ព្ទនារសៀលថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៩ ថា លោកមិនបានជ្រាបពីបញ្ហានេះទេ ចាំមើលលោកឲ្យឃុំទៅមើល ។

ជាងនេះទៅទៀត ប្រជាពលរដ្ឋស្នើដល់មន្ត្រីពាក់ព័ន្ឋសូមត្រួតពិនិត្យមើលករណីនេះផង បើបណ្តែតបណ្តោយតទៅទៀត ថៅកែ សុខ ដ៏មហិមានេះ រឹតតែបានដៃកាន់តែខ្លាំងឡើងជាក់ជាមិនខាន ព្រោះគេសំអាងថា មានអាជ្ញាប័ណ្ណពីក្រសួង ។

តែទោះជាបែបនេះក្តី អាជ្ញាប័ណ្ណនោះ ត្រូវបានដឹងថា មានសិទ្ធិតែក្នុងស្ទឹងស្លាគូតែប៉ុណ្ណោះ តែថៅកែ សុខ រូបនេះ បានឆ្លៀតឱកាសទិញដីក្នុងភូមិសាស្ត្រខាងលើ ហើយធ្វើសកម្មភាពកាយបកយកខ្សាច់លក់បានយ៉ាងរំភើយ ។

ពាក់ព័ន្ឋសកម្មភាពគឃ្លើនមិនញញើតច្បាប់របស់ថៅកែសុខនេះដែរ មន្ត្រីមន្ទីររ៉ែមួយរួបបានបង្ហើបថា “ច្បាស់ណាស់ គាត់មានអាជ្ញាប័ណ្ណ តែខាងដីតាកែវ ឯខាងដីកំពង់ស្ពឺ គឺមិនមានច្បាប់អនុញ្ញាត់ឲ្យចូលមកធ្វើសកម្មភាពនោះទេ” ។ ទោះជាបែបនេះក្តីអ្នកដឹងបានត្រឹមដឹង (មន្ត្រីតូចតាច) មិនអាចធ្វើអ្វីកើតទេ គេមានខ្សែទាំងទាហាន ទាំងក្រសួង រ៉ែថ្នាក់មន្ទីរល្មមៗគេមិនខ្លាចនោះទេ ។

ប្រជាពលរដ្ឋជាច្រើននៅភូមិត្រពាំងឈូក និងភូមិសង្គមមានជ័យ ឃុំពោធិអង្រ្គង បានសំណូមពរដល់ស្ថាប័ន ពាក់ព័ន្ឋ ជាពិសេសលោក វី សំណាង អភិបាលខេត្តកំពង់ស្ពឺ ដែលជាប្រធាគណៈបញ្ជាការខេត្តសូមមេត្តាចាត់វិធានការជួយទប់ស្កាត់សកម្មភាពរបស់ក្រុមលោកថៅកែ សុខ នេះផង បើមិនដូចច្នោះទេ នៅមានប្រជាពលរដ្ឋជាច្រើនទៀតដែលរងគ្រោះដូចគ្នានេះ ទៅថ្ងៃក្រោយ ។

ប្រជាពលរដ្ឋសង្ឃឹម និងជឿជាក់ថា លោមអភិបាលខេត្តប្រាកដជាចាត់វិធានការចំពោះឈ្មួញរួបនេះបាន កុំឲ្យគេធ្វើអ្វីតាមតែចិត្តនឹកឃើញរបៀបនេះទៀត ។

ពាក់ព័ន្ឋហេតុរណ៍ខាងលើ មិនអាចសុំការពន្យល់បកស្រាយពីសំណាក់ ថី សុខ បានឡើយ ៕ សេនាស័ក្តិ


ចែករំលែក៖