ខេត្តបន្ទាយមានជ័យ៖ សមត្ថកិច្ចចម្រុះចំណាយពេល១ យប់១ថ្ងៃ បានរុករកប្រទះឃើញសពបុរស ម្នាក់ជិះទូករាយមងរកត្រីក្នុង ស្ទឹងព្រះពន្លា ត្រូវបានអ្នកជិះម៉ូតូទឹក បុកធ្លាក់ចូលទឹកស្ទឹង លង់ស្លាប់នៅវេលាម៉ោង១២និង៣០នាទី ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៩ នៅចំណុច នៅខាងជើងស្ពានថ្មថ្មីព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ គ្រាដែលសាកសពផុសអណ្តែត ក្នុងស្ទឹងព្រះពន្លា ហើយត្រូវបានសមត្ថកិច្ច ស្រង់ដាក់យកមកលើគោក ពិនិត្យឃើញបាក់ដៃ។
សូមបញ្ជាក់ថា កាលពីវេលាម៉ោង៦និង១០នាទីល្ងាច ថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៩ នៅចំណុចស្ពានថ្មថ្មី សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ មានហេតុការណ៍កើតឡើង រវាងអ្នកជិះម៉ូតូទឹកបើកលេងក្នុងស្ទឹងព្រះពន្លាយ៉ាងលឿនបុកជនរងគ្រោះកំពុងជិះលើទូករាយមងរកត្រី បណ្តាលឱ្យជនរងគ្រោះដែល គេស្គាល់ឈ្មោះឡាំ សាវិនភេទប្រុស អាយុ៥២ ឆ្នាំ អតីតយុទ្ធជនចូលនិវត្ត ស្ថិតនៅភូមិ ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ធ្លាក់ពីទូកចូលក្នុងទឹកស្ទឹងលិចបាត់ខ្លួន។បន្ទាប់ពីកើតហេតុនោះហើយជនសង្ស័យដែលមានឈ្មោះលី ចិន្តា ភេទប្រុស អាយុ ៣៦ឆ្នាំ ស្នាក់នៅភូមិ ១ សង្កាត់ ព្រះពន្លា ក្រុងសិរីសោភ័ណ មុខរបរជាងផ្សាដែកត្រូវបានកម្លាំងនគរបាលផែនការងារព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យចាប់ខ្លួន។
ជុំវិញនៃការណ៍នោះបើតាមចម្លើយសារភាពពីជនសង្ស័យឈ្មោះលីចិន្តា ប្រាប់សមត្ថកិច្ចឱ្យដឹងថា រូបគេបានបើកម៉ូតូទឹកយ៉ាងលឿនជិះលេងក្នុងស្ទឹងព្រះពន្លា មកដល់ចំណុចកើតហេតុបើកម៉ូតូទឹកមិនប្រុងប្រយ័ត្នក៏ជ្រុលបុកជនរងគ្រោះជិះទូករាយមងនៅមាត់ស្ទឹងក៏បណ្តាលឲ្យក្រឡាប់ទូកហើយជនរងគ្រោះបានលិចបាត់ក្នុងទឹកអស់រយៈពេលជាច្រើនម៉ោង។
ជនសង្ស័យត្រូវបានកម្លាំងនគរបាលចរាចរណ៍ខេត្តកសាងសំណុំរឿងចោទប្រកាន់ពីបទបើកបរខ្ជះខ្ជាយបង្កឱ្យមនុស្សស្លាប់ដោយអចេតនា ដើម្បីចាត់ការតាមផ្លូវច្បាប់៕សំ វិច្ឆិកា